សាររបស់មេដឹកនាំក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌអតីតមេដឹកនាំបក្សប្រឆាំង និងមេដឹកនាំបក្សកាន់អំណាចបានផ្ញើរសារនយោបាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌ ដោយព្យាយាមមិនប្រើពាក្យសម្តីហិង្សា និងការគំរាមកំហែងដាក់គ្នា។
លោកហ៊ុន សែនបានបង្ហោះសារពីប្រទេសជប៉ុនមកថា ភ្ជុំបិណ្ឌឆ្នាំនេះលោកបានផ្តល់កាដូពីរដល់ពលរដ្ឋ ជាពិសេសគឺកម្មកររោងចក្រ ដោយបានបញ្ចេញឡានក្រុងសាធារណៈជាង២០០គ្រឿងរបស់ សាលាក្រុងភ្នំពេញដឹកពួកគេទៅលេងស្រុកកំណើតដោយឥតគិតថ្លៃអំឡុងបុណ្យភ្ជុំបិណ្ឌ ហើយទីពីររៀបចំឲ្យកម្មកររោងចក្រទទួលបានប្រាក់ឈ្នួលច្រើនជាងឆ្នាំមុន រួមទាំងបើកប្រាក់ខែកន្លះខែម្តងជូនដល់កម្មករ។
ចំណែកលោកសម រង្ស៊ីអតីតប្រធានគណបក្សសង្រ្គោះជាតិ ក៏បានថ្លែងពីប្រទេសបារាំងដែរថា ថ្ងៃភ្ជុំបិណ្ឌនេះក្រៅពីនឹកគុណមាតា បិតា ញាតិការប្រាំពីរសន្តានគឺកុំភ្លេចនឹកគុណដល់វីរៈបុរសមួយចំនួនដែលបានបូជាជីវិតរហូតត្រូវឃាតកបាញ់សម្លាប់ មានដូចជាលោកបណ្ឌិត កែម ឡី លោកឈុត វុទ្ធី លោកជា វិជ្ជា និងព្រះតេជគុណសំ ប៊ុន ធឿនជាដើម។
លោកបន្តថា អ្នកមានគុណចំពោះប្រជាជាតិទាំងនេះជាអ្នកបណ្តុះ ស្មារតីឲ្យពលរដ្ឋខ្មែរស្នេហាជាតិ ការពារជាតិមាតុភូមិ។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលទាមទារឲ្យអ្នកនយោបាយជើងចាស់ទាំងពីរយកថ្ងៃពិសេសនេះមកចរចាបញ្ចប់វិបត្តិនយោបាយឲ្យពលរដ្ឋខ្មែរទូទាំង ប្រទេសសប្បាយរីករាយនោះវាប្រសើរជាង៕