របបលោកហ៊ុន សែ ចោទប្រកាន់សហភាពអឺរ៉ុបថា បានគាំទ្រក្រុមបក្សប្រឆាំង ហើយព្រួតគ្នាធ្វើបាបកម្ពុជា របបក្រុងភ្នំពេញអះអាងថា ការបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ធ្វើឡើងដោយហេតុផលនយោបាយ មិនឆ្លុះបញ្ចាំង ពីការ អភិវឌ្ឍជាតិ របស់កម្ពុជានោះឡើយ។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១១ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចរបស់សហភាពអឺរ៉ុបនឹងធ្វើឱ្យបាត់បង់ លទ្ធផលជាវិជ្ជមាននៃគោលនយោបាយអឺរ៉ុប ដែលកម្ពុជាទទួលបានសព្វថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ របបលោកហ៊ុន សែនហាក់ដូចបន្ទន់ឥរិយាបទចំពោះការបោះពួយខ្លាំងក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធ ឬ EBA ចេញពីកម្ពុជា។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធ បានស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប ដើម្បីឱ្យជួយសម្រេចការកសាងរដ្ឋប្រជាធិបតេយ្យមួយ ដោយការគោរពសិទ្ធិពលរដ្ឋស្របតាមគុណតម្លៃ និងប្រពៃណីរបស់កម្ពុជា។
ប៉ុន្តែសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបមានភាពផ្ទុយគ្នាពីជំហរម៉ឺងម៉ាត់របស់លោកហ៊ុន សែន ដែលអះអាងថា លោកមិនឱនក្បាលចំពោះបរទេសនោះឡើយ ហើយក៏មិនយកសន្តិភាព និងឯករាជ្យភាពទៅប្តូរនឹងលុយជំនួយបរទេសនោះឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែន វានឹងធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាជួបហានិភ័យយ៉ាងធ្ងន់ធ្ងរ៕