ក្រសួងការងារកម្ពុជាអះអាងថា កម្ពុជានឹងមិនស្លាប់ដោយសារគ្មានប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ មន្រី្តជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអះអាងថា ប្រសិនសហភាពអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពី កម្ពុជាមែននោះសេដ្ឋកិច្ចកម្ពុជាក៏មិនស្លាប់នោះដែរ ពីព្រោះកម្ពុជាក៏នឹងបាត់បង់ភាពអនុគ្រោះពន្ធ EBA នេះ នៅអំឡុងឆ្នាំ២០២១ ឬ២០២៣ ដដែល ដោយសារកម្ពុជាបានក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមរួចទៅហើយ។
អ្នកនាំពាក្យនៃក្រសួងការងារលោកហេង សួរ ប្រាប់សារព័ត៌មានក្នុងស្រុកថា គ្រប់ស្ថាប័នរដ្ឋាភិបាលទាំងអស់មានយន្តការរួមក្នុងការគ្រប់គ្រងទាំងស្រុង លើហានិភ័យដែលអាចកើតមានឡើងប្រសិនជាសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា មុនកាលកំណត់បន្តិចក៏ដោយនោះ។
លោកបន្តថា ជំហររបស់សហភាពអឺរ៉ុបនឹងធ្វើឲ្យកម្ពុជាកាន់តែរឹងមាំ កាន់តែមានសាមគ្គីភាពតាមរយៈការពង្រឹងស្ថាប័នសាធារណៈ ពង្រឹងផលិតភាព និងធនធានមនុស្ស។
ក្រុមអ្នកធ្វើការងារខាងផ្នែកសេដ្ឋកិច្ចនិយាយថា ប្រសិនបើសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនេះមែន នោះក្រុមហ៊ុនជាច្រើននឹងក្ស័យទុន ហើយផលិតផលក្នុងសុ្រករបស់ខ្មែរនឹងចាល់ហើយរកទីផ្សារលក់មិនបាន។
ម្យ៉ាងទៀតកម្ពុជានឹងបាត់បង់ចំណូលដែលចំណេញពីការមិនយកពន្ធនេះដល់ទៅជាង៦រយលានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំៗ៕