27.5 C
Phnom Penh

អ្នកវិភាគសង្គមលោកគឹម សុខបានទៅប្រទេសហ្វាំងឡង់ដោយ សុវត្ថិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគសង្គមលោកគឹម សុខបានទៅប្រទេសហ្វាំងឡង់ដោយ សុវត្ថិភាព អ្នកឃ្លាំមើលសង្គម និងជាអតីតអ្នកទោសនយោបាយក្នុងរបបលោកហ៊ុន សែនគឺលោកគឹម សុខនិងកូនស្រីរបស់លោកអាយុ៥ឆ្នាំ បានទៅដល់ប្រទេសហ្វាំងឡង់(Finland)កាលពីថ្ងៃទី១២ខែតុលា។

លោកគឹម សុខបានប្រាប់កាសែត The Cambodia Daily ថា លោកនិងកូនស្រីរបស់លោកបានមកដល់ទីក្រុងTampere ភាគខាងត្បូងនៃប្រទេសហ្វាំងឡង់ និងមានសុវត្ថិភាព១០០%។

លោកបន្តថា លោកនិងកូនស្រីត្រូវបានគេយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ទាំងការស្នាក់នៅ ការហូបចុក និងបានគយគន់ទេសភាពប្រទេសលោកសេរីមួយនេះស្រស់ត្រកាលទៀតផង។

អ្នកវិភាគសង្គមរូបនេះ បានចាកចេញពីប្រទេសថៃកាលពីយប់ថ្ងៃទី១១ខែតុលា បន្ទាប់ពីលោកបានទទួលសិទ្ធិជ្រកកោនខាងផ្នែកនយោបាយពីអង្គការUNHCR។

លោកគឹម សុខបានបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេសជាមួយកូនស្រីរបស់លោកក្រោយពីលោកបានចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីថ្ងៃទី៣០ ខែសីហាកន្លងទៅ មួយថ្ងៃក្រោយមកលោកហ៊ុន សែន បានបញ្ជាឲ្យសមត្ថកិច្ចតាមចាប់លោកដាក់ពន្ធនាគារវិញ ប្រសិនបើមិនសងប្រាក់សំណង២០ម៉ឺនដុល្លារឲ្យគណបក្សប្រជាជនកម្ពុជាទេនោះ។

អ្នកវិភាគឥតសំចៃមាត់រូបនេះ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ក្រោយជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទចោទថា គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិតកែម ឡី។

រហូតមកទល់ពេលនេះ លោកគឹម សុខានៅជាប់បណ្តឹងរបស់លោកហ៊ុន សែនមួយករណីទៀតគឺបទចោទថារបបលោកហ៊ុន សែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។

ក្រុមអ្នកច្បាប់និយាយថា ការចោទប្រកាន់មកលើលោកគឹម សុខធ្វើឡើងដោយអយុត្តិធម៌៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស