កម្ពុជានឹងបញ្ជូនទ័ពមួកខៀវជាង២០០នាក់បន្ថែមទៀតទៅអាហ្វ្រិក កណ្តាលនាចុងខែវិច្ឆិកា ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនជាង២០០នាក់បន្ថែមទៀតទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល នៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ ដើម្បីផ្លាស់ប្តូរកងវិស្វកម្មចាស់ដែលកំពុងបំពេញបេសកកម្មសព្វថ្ងៃនេះ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តី កញ្ញាកុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ចុះផ្សាយកាលពីថ្ងៃ១៥ ខែតុលា ថា កម្ពុជានឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិចំនួន២១៦នាក់បន្ថែមទៀត ទៅកាន់ប្រទេសអាហ្វ្រិក កណ្តាល ក្រោយពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ។
ចាប់តាំងពីឆ្នាំ២០០៦មកកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួនជាង៥ពាន់នាក់ទៅបំពេញបេសកកម្មនៅប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង់ ស៊ូដងខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងប្រទេសម៉ាលី។
រហូតមកទល់ពេលនេះ យ៉ាងហោច ណាស់មានកងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ហើយ៦នាក់ទៀតបានរងរបួស៕