33 C
Phnom Penh

លោកហ៊ុន សែនសម្ភោធវិមានឈ្នះ-ឈ្នះរបស់លោកនៅចុងខែធ្នូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនសម្ភោធវិមានឈ្នះ-ឈ្នះរបស់លោកនៅចុងខែធ្នូ លោកហ៊ុន សែនបានតែងតាំងសមាសភាពរបស់គណៈកម្មការអន្ដរក្រសួងដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់លោក។

សេចក្ដីសម្រេចរបស់លោកហ៊ុន សែនដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី១៥ ខែតុលា បញ្ជាក់ថា វិមានឈ្នះ-ឈ្នះ នេះ ជានិម្មិតរូបនៃសុខសន្តិភាពកម្ពុជា។

វិមាននយោបាយឈ្នះ-ឈ្នះ កំពុងត្រូវបានសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយគ្រោងសម្ពោធជាផ្លូវការដ៏ធំនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ចំនឹងថ្ងៃដែលកម្ពុជាប្រារព្ធខួប២០ឆ្នាំនៃគោលនយោបាយឈ្នះ-ឈ្នះ ពីឆ្នាំ១៩៩៨-២០១៨របស់លោកហ៊ុន សែន។

វិមានឈ្នះឈ្នះនេះត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈឆ្នាំ២០១៦លើទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្នកវិភាគឯករាជ្យលោកបណ្ឌិតឡៅ ម៉ុងហៃបានប្រាប់កាសែត The Cambodia Dailyថា លោកហ៊ុន សែនគ្រាន់តែចង់បញ្ចាក់ប្រាប់ពិភពលោកថា លោកសម្រេចបានជោគជ័យក្នុងការអូសទាញខ្មែរក្រហមមកចូលជាមួយរដ្ឋាភិបាលរបស់លោក។

លោកបណ្ឌិត បន្តថា លោកហ៊ុន សែនចង់អួតអាងថា អង្គការសហប្រជាជាតិមិនអាចបញ្ចប់សង្គ្រាមនៅកម្ពុជាបានទេគឺមានតែលោកទេដែលអាចធ្វើបាន។

អ្នកវិភាគរូបនេះអះអាងថាប្រសិនបើនយោបាយឈ្នះ-ឈ្នះ របស់លោកហ៊ុន សែនមានប្រសិទ្ធិភាពមែន នោះមិនមែនសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកគ្រោងដាក់ទណ្ឌកម្មដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជានោះឡើយ។

លោកបន្តថា ប្រសិនបើកម្ពុជាទទួលរងទណ្ឌកម្មសេដ្ឋកិច្ចនេះមែន នោះប្រទេសនឹងទទួលរងភាពវឹកវរជាខ្លាំង ហើយនយោបាយឈ្នះ-ឈ្នះរបស់លោកហ៊ុន សែន អាចគ្រប់គ្រងស្ថានការណ៍លែងបាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស