40.9 C
Phnom Penh

ពលរដ្ឋខ្មែរជាង១ពាន់នាក់គ្រោងនាំគ្នាធ្វើបាតុកម្មនៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរជាង១ពាន់នាក់គ្រោងនាំគ្នាធ្វើបាតុកម្មនៅទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក យ៉ាងហោចណាស់មានពលរដ្ឋខ្មែរជាងមួយពាន់នាក់មកពីតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ដូចជានៅប្រទេសអាល្លឺម៉ង់ បារាំង ស្វីស និងបណ្តាប្រទេសជាច្រើនទៀតបានត្រៀមខ្លួនរួចជាស្រេចទៅហើយក្នុងការធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកហ៊ុន សែន ដែលគ្រោងចូលរួមកិច្ចអាស៊ី-អឺរ៉ុប លើកទី១២ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា។

សកម្មជនសហគមន៍ខ្មែរក្នុងប្រទេសអាល្លឺម៉ង់ លោកសុទ្ធ ឃុនថាលី បានប្រាប់កាសែត The Cambodia Daily កាលពីថ្ងៃទី១៦ ខែតុលាថាលោកបានទទួលព័ត៌មានថា លោកហ៊ុន សែនបានជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងការជួលពលរដ្ឋខ្មែរជាច្រើនពីតាមបណ្តាប្រទេសអាល្លឺម៉ង់ ហុងគ្រី ហូឡង់ ស្វីស បារាំង និងបណ្តាប្រទេសជាច្រើនទៀត ក្នុងទ្វីបអឺរ៉ុប មកធ្វើបាតុកម្មតតាំងជាមួយក្រុមបាតុករដែលប្រឆាំងនឹងវត្តមានរបស់លោកហ៊ុន សែន។

លោកបន្តថា មនុស្សដែលលោកហ៊ុន សែន ជួលមកធ្វើបាតុកម្មទាំងនោះអាចធ្វើឡើងដោយការបង្ខិតបង្ខំ និងការដាក់សម្ពាធផ្លូវចិត្ត។

ទោះជាយ៉ាងណាក៏ដោយ លោកមានការសោកស្តាយដែលពលរដ្ឋខ្មែររស់នៅប្រទេសលោកសេរីទាំងនោះគ្មានឧត្តមគតិដែលចេះឈឺឆ្អាលអំពីភាពរងទុកទោសរបស់ពលរដ្ឋស្លូតត្រង់ក្នុងរបបលោកហ៊ុន សែននិងវិបត្តិនយោបាយនៅកម្ពុជា។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នឹងប្រព្រឹត្តទៅក្រោមប្រធានបទអឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកលក្នុងបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប។

វត្តមានរបស់លោកហ៊ុន សែន ក្នុងតំបន់អឺរ៉ុបគឺស្របពេលដែលសហគមន៍អឺរ៉ុបកំពុងបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធរាល់ទំនិញទាំងអស់លើកលែងតែអាវុធ ឬ EBA ចេញពីកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស