កម្ពុជាបានបញ្ជូនជនល្មើសចិនចំនួន៩១នាក់ទៅប្រទេសកំណើតរបស់ពួកគេវិញ សមត្ថកិច្ចកម្ពុជាបានបញ្ជូនក្រុមជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍VOIPជាជនជាតិចិនចំនួន៩១ នាក់ទៅកាន់ប្រទេសចិនវិញកាលពីថ្ងៃច័ន្ទ។
ក្រុមអាជ្ញាធរកម្ពុជាឲ្យដឹងថា ប៉ូលិសពិសេសរបស់ចិនជិត២រយនាក់បានមកទទួលយកពួកគេដោយផ្ទាល់នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
របាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ការចាប់បញ្ជូនជនល្មើសជនជាតិចិនត្រឡប់ទៅប្រទេសចិនវិញក្នុងឆ្នាំ២០១៨ នេះបានកើនឡើងដល់៤០៧នាក់។
របាយការណ៍ដដែលឲ្យដឹងទៀតថាចាប់តាំងពីឆ្នាំ២០១៤មកសមត្ថកិច្ចបានឃាត់ខ្លួន និងបណ្ដេញជនបរទេសទៅប្រទេសកំណើតវិញសរុបចំនួនជិត១ម៉ឺន៥ពាន់នាក់ក្នុងនោះមានស្រីជាង២៥០០នាក់។
កាសែតក្នុងស្រុកបានដកស្រង់សម្តី លោកអ៊ុក ហៃសីលាប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចុះផ្សាយថា ជនជាតិចិនទាំង៩១នាក់នេះត្រូវបានប៉ូលិសកម្ពុជាឃាត់ខ្លួនតាំងពីថ្ងៃទីវេ២៩ ខែកញ្ញា មកម្ល៉េះពីបទឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបន្តថា ជនសង្ស័យជនជាតិចិនទាំងនេះត្រូវបានបញ្ជូនតាមជើងយន្តហោះពិសេសប្រភេទ A330 ដែលអមដំណើរដោយក្រុមប៉ូលិសខេត្ត ហ្គ័ងចូវចំនួន១៨២។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការកើនឡើងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណែតដែលភាគច្រើនប្រព្រឹត្តដោយជនជាតិចិននោះគឺដោយសារការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជាមានភាពធូររលុង និងមានការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងររបស់មន្រ្តីមានសមត្ថកិច្ច៕