អ.ស.ប.ឱ្យចំណាត់ថ្នាក់កម្ពុជាលេខ២៩ក្នុងចំណោមប្រទេសចំនួន១២២សម្រាប់កម្លាំងរក្សាសន្តិភាពពិភពលោកឆ្នាំ២០១៨ អង្គការសហប្រជាជាតិបានផ្តល់ចំណាត់ថ្នាក់ដល់កម្ពុជាជាប់លេខរៀង ទី២៩ក្នុងចំណោមប្រទេសជាង១រយលើពិភពលោកដែលបានបញ្ជូនកងរក្សាសន្តិភាពរបស់ខ្លួនទៅកាន់ប្រទេសដែលមានសង្គ្រាម។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តី រដ្ឋលេខាធិការក្រសួងការពារជាតិលោកនាង ផាតចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលាថា កម្ពុជាត្រូវបានអង្គការសហប្រជាជាតិ(UN)ឱ្យចំណាត់ថ្នាក់លេខ២៩ ក្នុងចំណោម១២២ប្រទេស ដែលបានចាត់កងកម្លាំង ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកបន្តកម្ពុជាបានតាំងចិត្តមិនរាថយឡើយ ចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅកាន់ប្រទេសដែលមានសង្គ្រាមក្នុងស្រុក បន្ទាប់ពីមានការស្នើសុំរបស់អង្គការសហប្រជាជាតិ បើទោះបីជាកម្លាំងមួកខៀវកម្ពុជាបានពលីជីវិតជាច្រើននាក់ ក្នុងអំឡុងពេលពួកគេបំពេញបេសកកម្មយ៉ាងណាក៏ដោយនោះ។
ជាងនេះទៅទៀត ក្រសួងការពារជាតិកម្ពុជា នឹងបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន២១៦នាក់បន្ថែមទៀតទៅកាន់ប្រទេសអាហ្វ្រិកកណ្តាល នៅចុងខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ ដើម្បីផ្លាស់ប្តូរកងវិស្វកម្មចាស់ដែលកំពុងបំពេញបេសកកម្មសព្វថ្ងៃនេះ។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចំនួនជាង៥ពាន់នាក់ទៅបំពេញបេសកកម្ម នៅប្រទេសអាហ្រ្វិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង ស៊ីរី ឆាត លីបង់ សាយប្រឺស និងប្រទេសម៉ាលី។
រហូតមកទល់ពេលនេះ យ៉ាងហោច ណាស់មានកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការ ហើយ៦នាក់ទៀតបានរងរបួស៕