27 C
Phnom Penh

សុខភាពរបស់លោកកឹម សុខានៅមានសភាពធ្ងន់ធ្ងរដដែល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សុខភាពរបស់លោកកឹម សុខានៅមានសភាពធ្ងន់ធ្ងរដដែល សុខភាពរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែល កំពុងជាប់ឃុំក្នុងផ្ទះនោះ នៅតែមិនទាន់មានភាពធូរស្បើយនៅឡើយ ដោយសារតែជំងឺទឹកនោមផ្អែម និងជំងឺឆ្អឹងគាបសរសៃស្មារបស់លោកធ្វើទុក្ខដដែល។

មេធាវីការពារក្ដីឲ្យលោកកឹម សុខាគឺលោកផែង ហេង បានប្រាប់កាសែត The Cambodia Daily ថា ជំងឺប្រចាំកាយកូនក្តីរបស់លោកមិនទាន់ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញនៅឡើយទេ ដោយសារគ្មានការអនុញ្ញាតពីតុលាការ។

លោកបន្តថា លោក កឹម សុខា ក៏នៅមិនទាន់អាចចេញទៅខាងក្រៅរង្វង់ដែនដីដែលកំណត់ដោយចៅក្រមស៊ើបអង្កេតបានដែរ។

កាលពីថ្ងៃទី១០ខែកញ្ញា សាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យ លោកកឹម សុខាចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញដោយសំអាងលើហេតុផលសុខភាព។

តុលាការបានកំណត់ឲ្យលោកកឹម សុខាអាចធ្វើដំណើរតែក្នុងតំបន់ក្បែរៗផ្ទះរបស់លោកប៉ុណ្ណោះ។

ប៉ុន្តែលោកស ខេង កាលពីថ្ងៃទី១៦កញ្ញាបានថ្លែងនៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រៃវែងថា លោកជាអ្នកចាត់ចែងករណីឃុំខ្លួនលោកកឹម សុខា ដោយខ្លួនឯង ហើយលោកក៏ជាអ្នកបញ្ជាឲ្យដឹកជញ្ជូន លោកកឹម សុខាចេញពីពន្ធនាគារត្រពាំងផ្លុងទាំងយប់ ។

លោកបន្តថា ការធ្វើដូច្នេះដោយសារតែច្បាប់ព្រហ្មទណ្ឌមានចន្លោះប្រហោងត្រង់មាត្រាឃុំខ្លួនក្នុងផ្ទះនេះ ហេតុដូច្នេះហើយបានជាលោកខំរកវិធីប្រតិដ្ឋមួយឡើងដើម្បីឲ្យមានការឃុំខ្លួនលោកកឹម សុខា នៅក្នុងផ្ទះ តាមរយៈការបង្ខំឲ្យលោកកឹម សុខា សរសេរលិខិតស្នើសុំកម្លាំងសន្តិសុខការពារសុវត្ថិភាពដាក់ពង្រាយជុំវិញផ្ទះរបស់លោកនោះ។

ក្រុមសិទ្ធិមនុស្សនិយាយថា ការឃុំខ្លួនលោកកឹម សុខា ក្នុងផ្ទះដូច្នេះធ្វើឡើងផ្ទុយពីច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីគោលការណ៍សិទ្ធិមនុស្សសកល៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស