31 C
Phnom Penh

IPUទាមទារឲ្យរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខានិងស្តារប្រជា​​ធិបតេយ្យឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

IPUទាមទារឲ្យរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខានិងស្តារប្រជា​​ធិបតេយ្យឡើងវិញ គណៈកម្មការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា IPU កាលពីថ្ងៃទី១៨ ខែតុលាបានអនុម័តសេចក្តីសម្រេចរបស់ខ្លួនអំពីវិបត្តិនយោបាយនៅកម្ពុជា។

សេចក្តីសម្រេចរបស់សភាអន្តរជាតិមួយនេះបានទាមទារឲ្យមានការចរចាផ្នែកនយោបាយឡើងវិញ ដោះលែងលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ស្តារស្ថានការណ៍នយោបាយ និងគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ។

គណៈកម្មាធិការសិទ្ធិមនុស្សIPU ក៏បានទាមទារឲ្យមានការផ្តល់សិទ្ធិធ្វើនយោបាយរបស់មន្ត្រីបក្សប្រឆាំងចំនួន១១៨ដើម្បីឲ្យពួកគេមានសិទ្ធិធ្វើសកម្មភាព នយោបាយឡើងវិញ។

សេចក្តីសម្រេចរបស់សហភាពអន្តរសភាបាននាំឲ្យក្រុមតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាបង្ហាញការខកចិត្តជាខ្លាំង។

គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលបានចូលរួមមហាសន្តិបាតលើកទី១៣៩ របស់សហភាពអន្ដរសភា IPUរួមមានអ្នកស្រីឃួន សុដារី និងលោកឈាង វុនបានចាត់ទុកថា សេចក្តីសម្រេចនេះមានភាពលំអៀងទៅរកក្រុមមេដឹកនាំរបស់គណបក្សប្រឆាំង។

អតីតប្រធានគណបក្សសង្គ្រោះជាតិគឺលោកសមរង្ស៊ី ដែលបានចូលរួមកិច្ចប្រជុំជាមួយសហភាពអន្តរសភាដែរនោះ បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកដោយបង្ហាញការសាទរចំពោះសេចក្តីសម្រេចរបស់សភាអន្តរជាតិមួយនេះដោយលើកឡើងថាបានផ្តល់យុត្តិធម៌ដល់គណបក្សសង្គ្រោះជាតិ និងជនរងគ្រោះដទៃទៀតក្នុងរបបលោកហ៊ុន សែន។

ក្រុមអ្នកឃ្លាំមើលចាត់ទុកសេចក្តីសម្រេចរបស់IPUថា ជាការបំផ្លាញ មុខមាត់របស់គណបក្សប្រជាជនកម្ពុជាធ្ងន់ធ្ងរលើឆាកអន្តរជាតិ ខណៈរបបលោកហ៊ុន សែនព្យាយាមស្វះស្វែងរកភាពស្របច្បាប់ដល់រដ្ឋាភិបាលថ្មីរបស់ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស