26 C
Phnom Penh

កម្មកររោងចក្រ វីងស្តារស៊ូរ ក្នុងខេត្តកំពង់ស្ពឺ ជិត១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មកររោងចក្រ វីងស្តារស៊ូរ ក្នុងខេត្តកំពង់ស្ពឺ ជិត១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់កម្មកររោងចក្រវីងស្តារស៊ូរក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិត១០០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ រហូតមកដល់រសៀលថ្ងៃទី១៩ខែតុលាម្សិលមិញនេះ។

លោកចឹក បូរិន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានក្នុងស្រុកថា មូលហេតុដែលបណ្តាលឲ្យមាន កម្មករដួលសន្លប់នេះគឺដោយសារក្រុមហ៊ុនបានរើសកម្មករថ្មីឲ្យចូលធ្វើការងារក្នុងអគារថ្មី ហើយរើសចំស្ត្រីម្នាក់មានអាការៈជម្ងឺឆ្កួតជ្រូក ហើយបានប្រកាច់វង្វេងវង្វាន់ស្រែកឡូឡា ធ្វើឲ្យមានកម្មការិនីមួយចំនួនទៀតដែលនៅក្បែរនោះ ភ័យខ្លាច ហើយក៏សន្លប់តៗគ្នាតែម្តងទៅ។

លោកបន្តថា ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមសហជីពមួយចំនួនអះអាងថា បញ្ហាកម្មករដួលសន្លប់ដែលកំពុងកើតឡើងញឹកញាប់នៅតាមរោងចក្រ នោះគឺដោយសារបញ្ហារោងចក្រមួយចំនួនមិនបានបំពាក់ប្រព័ន្ធខ្យល់ ឬប្រព័ន្ធអុកស៊ីស៊ែនឲ្យបានត្រឹមត្រូវ រោងចក្រខ្លះមានសាយភាយថ្នាំគីមី ហើយកត្តាចម្បងបំផុតទៅទៀតនោះគឺកម្មករត្រូវធ្វើការច្រើនម៉ោងពេក ដើម្បីបំពេញតម្រូវការផលិតកម្មដែលថៅកែចង់បាន ក្រោយពេលរដ្ឋាភិបាលបានដំឡើងប្រាក់ខែគោលឲ្យពួកគេចំនួន១៨២ដុល្លារក្នុងមួយខែ។

ក្រុមសហជីពរិះគន់ថា ប្រាក់ខែកម្មករត្រូវបានដំឡើងបន្តិចបន្តួច ប៉ុន្តែថៅកែកាន់តែបន្ថែមការងារដល់កម្មករ ដែលនាំឲ្យពួកគេធ្វើការលើសកម្លាំង។

ពួកគេនិយាយថា កត្តាទាំងនេះហើយធ្វើឲ្យកម្មករដួលសន្លប់តាមរោងចក្រជា បន្ត បន្ទាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស