ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាងតិច៥០% ក្រុមអ្នកឃ្លាំមើលការបោះឆោ្នតនៅកម្ពុជាឲ្យដឹងថា ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនសូវចាប់អារម្មណ៍ក្នុងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនោះឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋ ជាង១សែន៩ម៉ឺននាក់បានទៅចុះឈ្មោះបោះឆ្នោតថ្មី ក្នុងរយៈពេល១៨ថ្ងៃ នៃយុទ្ធនាការចុះឈ្មោះ និងពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោត។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. ចុះផ្សាយថា នៅពេលជិតដល់រដូវបោះឆ្នោត ទើបមានពលរដ្ឋចេញទៅចុះឈ្មោះបោះឆ្នោតច្រើន។
កាលពីថ្ងៃទី១៨កញ្ញា គ.ជ.ប. បានប្រកាសថា ខ្លួនគ្រោងចុះឈ្មោះពលរដ្ឋថ្មីចំនួនជិត៥សែននាក់។
ប៉ុន្តែនៅពេលនេះ គ.ជ.ប.ទទួលបានការចុះឈ្មោះមិនដល់៥០%នោះទេ។
ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតឲ្យដឹងថា មូលហេតុដែលនាំឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិចនេះ ដោយសារវិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជាដែលមិនទាន់បានដោះស្រាយចប់។
ក្រុមសង្គមស៊ីវិលនិយាយថា ការរំលាយគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនអ្នកទោសនយោបាយ និងការបិទសិទ្ធិធ្វើនយោបាយរបស់ក្រុមប្រឆាំងបាននាំឲ្យពលរដ្ឋជាច្រើនអស់សង្ឃឹមអំពីការចូលរួមរបស់ពួកគេក្នុងឆាកនយោបាយ និងដំណើរការប្រជាធិបតេយ្យដែលរងការបំផ្លាញដោយរបបលោកហ៊ុន សែន៕