រន្ទះបាញ់សម្លាប់មនុស្ស៤នាក់ និងរបួស២នាក់ នៅខេត្តព្រះសីហនុ អាជ្ញាធរខេត្តព្រះសីហនុកាលពីថ្ងៃទី១៩ ខែតុលា ឲ្យដឹងថា រន្ទះបាញ់ បានសម្លាប់មនុស្សចំនួន៤នាក់ និងបណ្តាលឲ្យរងរបួស២នាក់ នៅក្នុងការដ្ឋានដឹកដីមួយកន្លែង នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅពេលមេឃកំពុងភ្លៀងស្រិចៗ ពេលនោះកម្មករមួយចំនួនបាននាំគ្នាជ្រកភ្លៀងក្នុងរោងមួយ ហើយមានអ្នកនិយាយទូរស័ព្ទ ក៏ត្រូវរន្ទះបាញ់តែម្តងទៅ រីឯអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ចំណែកពលរដ្ឋនៅខេត្តបន្ទាយមានជ័យចំនួន៣នាក់ក៏បានស្លាប់ភ្លាមៗនៅនឹងកន្លែងដែរ ដោយសារបាតុភូតរន្ទះបាញ់ ខណៈពួកគាត់ទៅឃ្វាលគោកាលពីរសៀលថ្ងៃទី១៨តុលា។
ក្រុមអាជ្ញាធរអះអាងថា ជនរងគ្រោះបានទៅឃ្វាលគោជុំគ្នាចំនួន៤នាក់នៅទីវាល។
ពេលនោះរន្ទះបានបាញ់មនុស្សម្នាក់ធ្លាក់ទៅក្នុងទឹក ហើយ២នាក់ផ្សេងទៀតបានស្លាប់នៅកន្លែងតែម្ដង។
អាជ្ញាធរខេត្តបន្ទាយមានជ័យឲ្យដឹងថា ក្រៅពីរន្ទះបាញ់បានផ្តាច់ជីវិតមនុស្សនោះ ខ្យល់ក៏បានបក់បោករលំផ្ទះរបស់ប្រជាពលរដ្ឋជាង១០ខ្នងថែមទៀត៕