37 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងប្រទេសកាណាដានឹងតវ៉ាមុខរដ្ឋសភាកាណាដា ជំរុញឲ្យប្រទេសនេះបង្កើនសម្ពាធដល់កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសកាណាដានឹងតវ៉ាមុខរដ្ឋសភាកាណាដា ជំរុញឲ្យប្រទេសនេះបង្កើនសម្ពាធដល់កម្ពុជា ពលរដ្ឋខ្មែររាប់រយនាក់ក្នុងប្រទេសកាណាដា នឹងនាំគ្នាធ្វើបាតុកម្មមុខអគាររដ្ឋសភាជាតិក្នុងទីក្រុងអូតាវ៉ា នៅថ្ងៃទី២០ខែតុលាពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង៣រសៀលដើម្បីទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាទាំងអស់អន្តរាគមន៍ឲ្យមានការបញ្ចប់វិបត្តិនយោបាយធ្ងន់ធ្ងរនៅកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។

ព្រះតេជគុណលួន សុវ៉ាត ដែលគ្រោងចូលរួមធ្វើបាតុកម្មក្នុងប្រទេសកាណាដែរនោះមានថេរដីកាថា ក្រុមបាតុករនឹងជំរុញឲ្យរដ្ឋសភា និងរដ្ឋាភិបាលកាណាដាកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកហ៊ុន សែន និងបង្កើនការដាក់សម្ពាធលើរបបលោកហ៊ុន សែនដើម្បីឲ្យងាកមកដើរលើផ្លូវត្រូវឡើងវិញ។

បាតុកម្មនេះក៏នឹងមានការចូលរួមពីតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិដែរ ដូចជាលោកគង់ សភា លោកសោ ចាន់ដេតនិងតំណាងរាស្រ្តរបស់បក្សនេះមួយចំនួនទៀតដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសនេះដោយសារការធ្វើទុក្ខបុកម្នេញពីរបបលោកហ៊ុន សែន។

ចំណែកនៅតំបន់អឺរ៉ុបឯណោះវិញ ពលរដ្ឋខ្មែរជាងមួយពាន់នាក់មកពី ប្រទេសអាល្លឺម៉ង់ បារាំង ស្វីស និងបណ្តាប្រទេសជាច្រើនទៀតបានកាលពីម្សិលមិញក៏បាននាំគ្នាធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកហ៊ុន សែនដែលចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ខែតុលា។

ពួកគេទាមទារឲ្យបណ្តាប្រទេសទាំងឡាយនៅអឺរ៉ុបលើកយកករណីវិបត្តិនយោបាយនៅកម្ពុជាដាក់ជាប្រធានបទក្នុងការជជែកជាមួយលោកហ៊ុន សែន ក្នុងបុព្វហេតុចូលតុចរចាជាមួយក្រុមប្រឆាំងដើម្បីបញ្ចប់ជម្លោះនយោបាយដ៏រ៉ាំរ៉ៃនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស