35 C
Phnom Penh

តំណាងរាស្រ្តបក្សសង្គ្រោះជាតិក្នុងប្រទេសកាណាដាដាក់ញត្តិដល់ រដ្ឋសភានៃប្រទេសនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងរាស្រ្តបក្សសង្គ្រោះជាតិក្នុងប្រទេសកាណាដាដាក់ញត្តិដល់ រដ្ឋសភានៃប្រទេសនេះ ក្រុមតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិមួយចំនួនដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសកាណាដា កាលពីថ្ងៃច័ន្ទ បាននាំគ្នាដាក់ញត្តិដល់ គណៈកម្មាធិការកិច្ចការបរទេសរបស់សភាតំណាងរាស្រ្តនៃប្រទេសកាណាដា ក្រោយពេលពួកគេ និងក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិបាននាំគ្នាធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាកាណាដា ក្នុងទីក្រុងអូរតាវ៉ា កាលពីថ្ងៃទី២០ ខែតុលា កន្លងទៅនេះ។

លោកគង់ សភា ដែលជាតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ និងជាជនរងគ្រោះនៃអំពើហិង្សរបស់កងអង្គរ័ក្សលោកហ៊ុន សែន បានប្រាប់កាសែត The Cambodia Dailyថា ក្រុមរបស់លោកបានយកញត្តិរបស់ក្រុមបាតុករដាក់ជូនលោកPeter Anderson ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តកាណាដា។

លោកបន្តថា តំណាងរាស្រ្តកាណាដា រូបនេះអះអាងថា លោកនឹងជំរុញឲ្យមានការធ្វើច្បាប់មួយដូចគ្នាទៅនឹងសហរដ្ឋអាមេរិកដែរដើម្បីបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្រ្តីកំពូលៗដែលចូលដៃ ចូលជើងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៅទៀត លោកPeter Anderson បានស្នើឲ្យក្រុមមន្រ្តីរបស់បក្សសង្គ្រោះជាតិបញ្ជូនបញ្ជីឈ្មោះរបស់ក្រុមមន្រ្តីនៃរបបលោកហ៊ុន សែន មកកាន់រដ្ឋសភាកាណាដាដើម្បីអាច ពិនិត្យមើលលទ្ធភាពក្នុងការដាក់ទណ្ឌកម្មនៅពេលណាមួយសមស្រប។

លោកគង់ សភាអះអាងថា ពលរដ្ឋខ្មែរ និងតំណាងរាស្រ្តរបស់បក្ស សង្គ្រោះជាតិក្នុងប្រទេសកាណាដាជំរុញឲ្យរដ្ឋសភាកាណាដា និងរដ្ឋាភិបាលកាណាដា កុំទទួលស្គាល់របបថ្មីរបស់លោកហ៊ុន សែន ហើយទាមទារឲ្យកាណាដា ដាក់សម្ពាធធ្ងន់ធ្ងរឲ្យរបបលោកហ៊ុន សែនគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលរបបនេះតែងតែបំពានកន្លងមកនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស