ជនជាតិអង់គ្លេសពីររូបបានបោះបង់ផែនការក្នុងការរុករកយន្តហោះ MH370 របស់ម៉ាឡេស៊ីដែលពួកគេសង្ស័យថា ធ្លាក់នៅកម្ពុជា ជនជាតិអង់គ្លេសពីរនាក់បងប្អូនដែលធ្វើដំណើរទៅកម្ពុជា ដើម្បីស្វែងរកទីតាំងធ្លាក់យន្តហោះដឹកអ្នកដំណើរលេខMH370 របស់ប្រទេសម៉ាឡេស៊ីនោះ បានបោះបង់ចោលបេសកកម្មរបស់ខ្លួនវិញដោយសារពួកគេមិនអាចផ្សងនឹងគ្រោះថា្នក់ខ្លាំងពេកនៅក្នុងព្រៃក្រាស់។
សារព័ត៌មានរុស្ស៊ីឈ្មោះស្ពូតនីគ(Sputnik)កាលពីថ្ងៃចន្ទ បានដកស្រង់សម្តីលោកIan Wilsonដែលជាអ្នកចង់ដឹងការណ៍ពិតម្នាក់ ចុះផ្សាយថា លោកបានបោះបង់បេសកកម្មរបស់លោកចំពោះការរកទីតាំងធ្លាក់យន្តហោះ MH370 ដែលបានបាត់ដំណឹងយ៉ាងអាថ៌កំបាំងក្នុងព្រៃនៃប្រទេសកម្ពុជា តាមរយៈរូបភាពលើប្រព័ន្ធផែនទីGoogle Maps នោះហើយ។
លោកWilsonធ្លាប់អះអាងថា ទីតាំងដែលក្រុមរបស់លោកសង្ស័យថា ជាកន្លែងធ្លាក់យន្តហោះគឺស្ថិតនៅចម្ងាយប្រហែលជាង៦គីឡូម៉ែត្រ ភាគខាងជើងភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់បំផុតនៅកម្ពុជា ហើយផ្លូវធ្វើដំណើរទៅកាន់ទីនោះ គឺត្រូវឆ្លងកាត់ព្រៃត្រូពិចក្រាស់ៗ ដែលពោរពេញដោយទឹកជ្រោះ និងដុំថ្មធំៗ។
លោកបន្តថា ក្រុមអ្នកនាំផ្លូវមិនអាចបន្តដំណើរទៅមុខបានទៀតនោះទេ ដែលនាំឲ្យពួកគេទាំងពីរនាក់បងប្អូន ត្រូវបោះបង់បេសកកម្មស្វែងរក ការណ៍ពិតនៃអាថ៌កំបាំងពីក្រោយការបាត់យន្តហោះនេះ។
ក្រុមអ្នកជំនាញខ្លះនិយាយថា អ្វីដែលលោកIan Wilsonមើលឃើញតាមប្រព័ន្ធGoogle Mapsថា ជាយន្តហោះMH370 ដែលបាត់ដំណឹងនោះអាចជារូបភាពយន្តហោះណាមួយ ដែលហោះកាត់ចំពេល ផ្កាយរណបរបស់ Google Maps ផ្តិតយករូបភាពដោយចៃដន្យ។
ពាក់ពន្ធនឹងបញ្ហានេះដែរ សមត្ថកិច្ចកម្ពុជាបានបដិសេធថា យន្តហោះដឹកអ្នកដំណើរMH370មិនបានធ្លាក់នៅកម្ពុជាទេ ហើយម្យ៉ាងទៀតគណៈកម្មការស្វែងរកយន្តហោះ MH370 ក៏បានប្រកាសបិទបញ្ចប់ការស្វែងរកយន្តហោះនេះដែរ។
យន្តហោះរបស់ម៉ាឡេស៊ីលេខMH370 ដែលដឹកអ្នកដំណើរចំនួន២៣៩នាក់ បាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី៨ ខែមីនាឆ្នាំ២០១៤ក្នុងពេលដែលយន្តហោះនេះ ហោះពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទៅក្រុងប៉េកាំង៕