លោកហ៊ុន សែនប្រាប់ពលរដ្ឋកុំឲ្យបារម្ភអំពីវត្តមានរបស់ជនជាតិចិននៅកម្ពុជា លោកហ៊ុន សែន កាលពីថ្ងៃទី២៤ខែតុលា បានស្នើជាថ្មីម្តងទៀតដល់ ពលរដ្ឋខ្មែរម្ចាស់ស្រុក កុំឱ្យមានការព្រួយបារម្ភពីបញ្ហាជនជាតិចិននៅកម្ពុជា។
លោកបន្តថា ជនជាតិចិនទាំងនោះ ជាកម្មករជំនាញដែលមកធ្វើការក្នុងការដ្ឋានសំណង់របស់គម្រោងវិនិយោគខ្នាតធំជាច្រើន ដែលកំពុងដំណើរការនៅកម្ពុជាប៉ុណ្ណោះ។
លោកហ៊ុន សែនអះអាងថា កម្មករចិនទាំងនោះនឹងវិលត្រឡប់ទៅស្រុករបស់ពួកគេវិញក្រោយចប់គម្រោងវិនិយោគនៅកម្ពុជា ដោយសារច្បាប់របស់កម្ពុជាមិនអាចអនុញ្ញាតឱ្យពួកគេស្នាក់នៅខុសច្បាប់នោះឡើយ។
ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងកាលពីថ្ងៃទី២៣ខែតុលា នៅចំពោះមុខក្រុមអ្នកគាំទ្រលោកក្នុងប្រទេសស្វីស។
មេដឹកនាំដែលមានចិនជាខ្នងបង្អែកដ៏រឹងមាំរូបនេះ អះអាងថា កម្ពុជានៅមិនទាន់មានទីក្រុងចិនដូចជានៅសហរដ្ឋអាមេរិក និងប្រទេសបារាំងនោះឡើយ។
ពាក់ព័ន្ធនឹងការការពារផលប្រយោជន៍ជនជាតិដែលកំពុងបង្កការអុកឡុក និងបង្កបញ្ហាអសន្តិសុខសឹងពាសពេញប្រទេសនេះ លោកសឹង សែនករុណា ដែលជាអ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់កាសែត The Cambodia Daily ថា សហរដ្ឋអាមេរិក និងប្រទេសបារាំងជាបណ្តាប្រទេសជឿនលឿន មានប្រព័ន្ធច្បាប់រឹងមាំ ដូច្នេះប្រទេសទាំងនេះអាចគ្រប់គ្រងជនជាតិចិននិងជាតិសាសន៍ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។
លោកសឹង សែនករុណាបន្តថា នៅកម្ពុជាវិញជនជាតិចិនមួយចំនួនដែលកំពុងបង្កអសន្តិសុខក្នុងខេត្តព្រះសីហនុសព្វថ្ងៃនេះ មិនមែនជាកម្មករជំនាញ ឬជាអ្នកមកវិនិយោគអ្វីដូចលោកហ៊ុន សែនអះអាងនោះឡើយ ប៉ុន្តែពួកគេជាក្រុមអ្នកមកលេងល្បែងតាមកាស៊ីណូ ឬជាក្រុមចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ិនធឺណេតប៉ុណ្ណោះ៕