អ្នកវិភាគ ៖ ចំណុចតែមួយដែលសហគមន៍អាចផ្អាកការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាគឺការស្តារលទ្ធិប្រជាធិបតេយ្យ ក្រុមអ្នកឃ្លាំមើលអះអាងថា ដើម្បីឲ្យកម្ពុជាចៀសផុតពីមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ប្រទេសដែលកំពុងប្រឈមការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបនោះ លុះត្រាតែរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងផ្ទះ ស្តារសម្បទាគណបក្សសង្គ្រោះជាតិ បើកចំហឲ្យក្រុមមន្រ្តីបក្សប្រឆាំងទាំង១១៨រូបមានសិទ្ធិធ្វើនយោបាយ និងអនុញ្ញាតឲ្យអតីតមេដឹកនាំបក្សប្រឆាំងអាចវិលត្រឡប់ទៅកម្ពុជាដើម្បីចូលប្រឡូកក្នុងជីវភាពនយោបាយឡើងវិញ។
ការអះអាងបែបនេះធ្វើឡើងក្រោយពីលោកហ៊ុន សែនបានថ្លែងចំពោះមុខក្រុមអ្នកគាំទ្ររបស់លោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថា សហគមន៍អឺរ៉ុបមិនត្រូវប្រព្រឹត្តកំហុងឆ្គងលើកទី៣ មកលើប្រទេសកម្ពុជាទៀតនោះឡើយ។
លោកហ៊ុន សែនអះអាងថា កំហុសលើកទី១ ខ្លួនជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែគាំទ្ររដ្ឋប្រហារយោធាមួយនៅកម្ពុជា។
កំហុសទី២ នៅពេលដែលក្រុមរបស់លោកដែលមានរដ្ឋាភិបាលក្រុងហាណូយនៅពីក្រោយ បានផ្តួលរំលំរបប ប៉ុល ពតរួចហើយគឺអឺរ៉ុបបានគាំទ្រឲ្យពួកប៉ុល ពតមានអាសនៈនៅអង្គការសហប្រជាជាតិរយៈពេល១២ឆ្នាំទៀតហើយហ៊ុំព័ទ្ធនយោបាយ និងសេដ្ឋកិច្ចដល់របបរបស់លោក។
លោកបន្តថា សហគមន៍អឺរ៉ុបមិនត្រូវមានកំហុសជាលើកទីបី តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះឡើយ។
ប៉ុន្តែក្រុមសង្គមស៊ីវិលអះអាងថា លោកហ៊ុន សែនកំពុងភ័យស្លន់ស្លោអំពីការបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធនេះដែលនឹងនាំឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ក្រុមអ្នកវិនិយោគទុនក្នុងស្រុក និងក្រុមវិនិយោគទន់បរទេសមិនហ៊ានមករកស៊ីនៅកម្ពុជា។
មជ្ឈដ្ឋានទូទៅនិយាយថា ប្រសិនបើរបបលោកហ៊ុន សែនបាត់ប្រព័ន្ធអនុគ្រោះពន្ធនេះមែន វានឹងជះឥទ្ធិពលអវិជ្ជមានជាខ្លាំងដល់របបក្រុងភ្នំពេញ៕