សមត្ថកិច្ចកំពុងពន្លឿនការស៊ើបអង្កេតករណីពុករលួយរបស់មេប៉េអឹមខេត្តចំនួនបី មន្រ្តីជាន់ខ្ពស់របស់កងរាជអាវុធហត្ថឲ្យដឹងថា អគ្គមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេសគឺលោកសៅ សុខានឹងចាត់វិធានការទៅលើមេប៉េអ៊ឹមប្រចាំខេត្តចំនួនបីដែលរងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយ។
សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសគឺលោកអេង ហ៊ីចុះផ្សាយកាលពីថ្ងៃទី២៤ខែតុលាថា មេបញ្ជាការកងរាជអាវុធហត្ថទាំងបីខេត្តនោះ រួមមានខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តព្រះវិហារ។
លោកបន្តថាប្រ សិនបើរកឃើញកំហុស ករណីចោទប្រកាន់ពីបទពុករលួយ ស៊ីដាច់លុយជំនួយរបស់កូនប្រុសលោកហ៊ុន សែន និងប្រធានកងអង្គរក្សរបស់លោកហ៊ុន សែនមែន នោះពួកគេនឹងរងការដាក់ទណ្ឌកម្មវិន័យធ្ងន់ធ្ងរ។
មន្រ្តីជាន់ខ្ពស់នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ អះអាងថា ក្រុមអធិការកិច្ចកំពុងរង់ចាំការសម្រេចរបស់ក្រុមប្រឹក្សាវិន័យដែលដឹកនាំដោយលោកសៅ សុខាដើម្បីសម្រេចលើជោគវាសនាមន្រ្តីកងរាជអាវុធទាំងបីខេត្តនោះ។
សារព័ត៌មានក្នុងស្រុកកាលពីដើមខែតុលាចុះផ្សាយថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកកង សៅគុណ បានស៊ីដាច់លុយរបស់លោកហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សរបស់លោកហ៊ុន សែន ជាង៨០លានរៀល។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺគឺលោកជូ សារុន រងការចោទថា បានយកអង្ករឧបត្ថម្ភរបស់លោកហ៊ុន ម៉ានី ដែលបានផ្តល់ឲ្យកងរាជអាវុធ ហត្ថទូទាំងខេត្តកំពង់ស្ពឺ។
រីឯមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងគឺលោកសាក់ សារ៉ាង រងការចោទប្រកាន់ពីបទទទួលសំណូកពីក្រុមឈ្មួញរកស៊ីឈើ។
ក្រុមសង្គមស៊ីវិលសាទរចំពោះការចាត់វិធានការនេះ ហើយជំរុញឲ្យសមត្ថកិច្ចដាក់ទណ្ឌកម្មតាមផ្លូវច្បាប់ជាធរមានលើជនប្រព្រឹត្តល្មើស៕