អ្នកមានជម្លោះដីធ្លីខេត្តក្រចេះប៉ះទង្គិចជាមួយសមត្ថកិច្ចពេលពួកគាត់មកតវ៉ានៅមុខផ្ទះលោកហ៊ុន សែន ពលរដ្ឋដែលមានជម្លោះដីធ្លីមកពីស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៤ បានប៉ះទង្គិចជាមួយសមត្ថកិច្ចនៅពេលក្រុមសន្តិសុខបានព្យាយាមរារាំងអ្នកភូមិ មិនឲ្យនាំគ្នាទៅតវ៉ានៅមុខផ្ទះរបស់លោកហ៊ុន សែន ដែលបណ្តាលឲ្យស្ត្រីពីរនាក់ដួលសន្លាប់នៅនឹងកន្លែង។
លោកភិន ធា ដែលជាតំណាងពលរដ្ឋមានជម្លោះដីធ្លី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពលរដ្ឋប្រមាណជិត២រយនាក់ បាននាំគ្នាដើរថ្មើរជើងចេញពីវត្តសាមគ្គីរង្សីដើម្បីទៅតវ៉ាសុំដំណោះស្រាយដីធ្លី នៅមុខផ្ទះរបស់លោកហ៊ុន សែន ក្បែរវិមានឯករាជ្យ ប៉ុន្តែត្រូវបានកម្លាំងសន្តិសុខរាប់រយនាក់រារាំង ក្រោមហេតុផលថា ប៉ះពាល់សណ្តាប់ធ្នាប់ សាធារណៈ។
លោកបន្តថា ក្រុមសមត្ថកិច្ចបានបង្វែឱ្យពួកគាត់ទៅរកដំណោះស្រាយពីក្រសួងរៀបចំដែនដីវិញ។
មន្ត្រីសិទ្ធិមនុស្សជំរុញឲ្យក្រសួងដែនដីពន្លឿនការដោះស្រាយតាមការសន្យារបស់ខ្លួនដើម្បីកុំឲ្យកើតមានការប៉ះទង្គិចរវាងពលរដ្ឋ និងសមត្ថកិច្ចដូច្នេះទៀត។
មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី អះអាងថា រដ្ឋាភិបាលនឹងពិនិត្យអត្តសញ្ញាណក្បាលដីឲ្យបានច្បាស់លាស់និងកន្លែងរស់នៅអចិន្ត្រៃយ៍របស់ពលរដ្ឋ ថា តើគ្រួសារណាខ្លះ ដែលខ្វះដីសម្រាប់បង្កបង្កើនផលពិតប្រាកដ៕