រដ្ឋាភិបាលអង់គ្លេសផ្តល់ថវិកា៩លានដុល្លារសម្រាប់ដោះមីននៅកម្ពុជា ប្រទេសអង់គ្លេសបានផ្តល់ថវិកាចំនួន៩លានដុល្លារសម្រាប់ជួយដល់ការដោះមីននៅកម្ពុជា។
ប្រធានអាជ្ញាធរមីនកម្ពុជាលោកលី ធុជបានប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្ពុជាអគុណជាខ្លាំងចំពោះរាជរដ្ឋាភិបាល និងប្រជាជនអង់គ្លេស ចំពោះជំនួយសម្រាប់សកម្មភាពដោះមីនដែលកំពុងរួមចំណែកជួយសង្គ្រោះអាយុជីវិតប្រជាជន និងការអភិវឌ្ឍនៅកម្ពុជា។
លោកលី ធុជបានស្នើឲ្យប្រទេសម្ចាស់ជំនួយ បន្តការផ្តល់ជំនួយនៅក្នុងវិស័យសកម្មភាពបោសសំអាតមីននេះបន្ថែមទៀត ដើម្បីឲ្យកម្ពុជាអាចសម្រេចបំណង ឆ្ពោះទៅរកកម្ពុជាជាទីដែលគ្មានមីននៅឆ្នាំ២០២៥។
ជំនួយទាំងនេះធ្វើឡើងរវាងលោកលី ធុជអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា និងលោកស្រីTina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៤ ខែតុលា ក្នុងកម្មវិធីគាំទ្រវិស័យសកម្មភាពដោះមីននៅកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការអង្គការហាឡូត្រាស់ក្នុងខេត្តសៀមរាប។
លោកស្រីTina Redshawក៏បានទស្សនាការធ្វើបទបង្ហាញ អំពីការបោសសម្អាតមីននៅស្រុកអូស្មាច់ ខេត្តឧត្តរមានជ័យ និងបានជួបជាមួយពលរដ្ឋដែលអាចប្រើប្រាស់ដីរបស់ពួកគាត់ដោយសុវត្ថិភាព បន្ទាប់ពីការបោសសម្អាតមីនរួចផងដែរ៕