ពលរដ្ឋរាប់ពាន់គ្រួសារក្នុងខេត្តព្រះសីហនុកំពុងជួបបញ្ហាខ្វះទឹក ពលរដ្ឋរាប់ពាន់គ្រួសារនៅសង្កាត់ចំនួន៣ ក្នុងខេត្តព្រះសីហនុកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ខណៈអាជ្ញាធរកំពុងដឹកទឹកចែកតាមផ្ទះ។
អាជ្ញាធរខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍ឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋជាង៥ពាន់គ្រួសារកំពុងខ្វះទឹកប្រើប្រាស់ ដោយសារតែកំណើននៃការសាងសង់ និងការជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹក។
ក្រុមអាជ្ញាធរអះអាងថា រហូតមកទល់ពេលនេះ សមត្ថកិច្ចខេត្តកំពុងប្រើប្រាស់ឡានទឹកបីគ្រឿងដើម្បីដំណើរការដឹកទឹកស្អាតជូនពលរដ្ឋ ប៉ុន្តែ ការផ្គត់ផ្គង់ទឹកនេះនៅមិនបាន១រយភាគរយនោះទេ។
សមត្ថកិច្ចខេត្តព្រះសីហនុបញ្ជាក់ថា ពលរដ្ឋត្រូវការការផ្គត់ផ្គង់ទឹកចំនួន៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ស្របដែលខេត្តមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានតែ៣ម៉ឺនម៉ែត្រគូបប៉ុណ្ណោះក្នុង១ថ្ងៃ។
ក្រុមសង្គមស៊ីវិលខេត្តព្រះសីហនុបាននាំគ្នាទាមទារឲ្យរដ្ឋាភិបាលបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ពលរដ្ឋឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
ពួកគេអះអាងថា ការខ្វះខាតទឹកស្អាតប្រើប្រាស់នេះបាននាំឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ការធ្វើអាជីវកម្ម និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលត្រូវពឹងផ្អែកលើការប្រើប្រាស់ទឹកស្អាតនោះ៕