លោកហ៊ុន សែនបន្តចោទគណបក្សប្រឆាំងថា ជាអ្នកប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា លោកហ៊ុន សែនអះអាងថា សេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ ពលរដ្ឋមានភាពល្អប្រសើរ បើធៀបទៅនឹងពេលក្រោយការបោះឆ្នោតកាលពីអាណត្តិមុនៗ។
ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនទទួលស្គាល់ថា មានការបង្ហូរឈាមនៅក្រោយការបោះឆ្នោតតំណាងរាស្ត្រ កាលពីឆ្នាំ២០១៣ កន្លងទៅ ប៉ុន្តែលោកថា ការបង្ហូរឈាមនោះបង្កឡើងដោយគណបក្សសង្គ្រោះជាតិ។
ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅចំពោះមុខកម្មករ-កម្មការិនីរាប់ពាន់នាក់ក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៣១ ខែតុលា។
លោកបន្តថា ភាពមិនប្រក្រតីនេះ នៅមិនទាន់បានកើតឡើងនៅក្រោយការបោះឆ្នោតឆ្នាំ២០១៨នោះឡើយ ដោយសារតែគ្មានវត្តមានបក្សប្រឆាំង ហើយម្យ៉ាងទៀតមេដឹកនាំគណបក្សប្រឆាំងក៏ត្រូវចាប់ខ្លួនដាក់ពន្ធនាគារថែមទៀត។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា របបលោកហ៊ុន សែន កំពុងបិទបាំងអំពើទុច្ចរិតរបស់ខ្លួនដែលប្រព្រឹត្តលើគណបក្សសង្គ្រោះជាតិ។
ពួកគេនិយាយថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ជាបាតុកម្មអហិង្សា និងមិនមានជាប់ពាក់ព័ន្ធនឹងបាតុកម្មដំឡើងប្រាក់ខែរបស់ក្រុមកម្មករ-កម្មការិនីនោះឡើយ៕