ព្រះសង្ឃនិងពលរដ្ឋរិះគន់ការប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែទទួលអំណោយអគារពីរដ្ឋាភិបាលចិន ក្រុមប្រជាពលរដ្ឋ និងព្រះសង្ឃ រិះគន់ក្រសួងសុខាភិបាលថា បានសម្រេចផ្លាស់ប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈ ឬមន្ទីរពេទ្យលោកសង្ឃទៅជាឈ្មោះមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ក្រោយពីទទួលបានអំណោយជាអគារពីរដ្ឋាភិបាលចិន។
ពួកគេនិយាយថា មន្ទីរសុខាភិបាលមិនគួរប្ដូរឈ្មោះមន្ទីរពេទ្យប្រវត្តិសាស្ត្ររបស់ខ្មែរ ដោយសារតែទទួលបានជំនួយពីរដ្ឋាភិបាលចិននោះឡើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង កាលពីថ្ងៃទី៣០តុលា បានបើកការដ្ឋានសាងសង់អគារថ្មី ដែលត្រូវសង់លើផ្ទៃដីជាង១ម៉ឺនម៉ែត្រការ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះកុសុមៈ។
អគារថ្មីនេះឈ្មោះ អគារមិត្តភាពកម្ពុជាចិន ព្រះកុសុមៈ មានទំហំជាង២ម៉ឺនម៉ែត្រការ៉េ ដែលត្រូវចំណាយទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក។
មន្ទីរពេទ្យព្រះកុសុមៈ ឬមន្ទីរពេទ្យលោកសង្ឃ ក្នុងខណ្ឌទួលគោក ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៥៣និងដាក់ឲ្យដំណើរការនៅឆ្នាំ១៩៥៦ ដោយយកតាមព្រះនាមព្រះមហាក្សត្រីយ៍ខ្មែរមួយអង្គព្រះនាម ស៊ីសុវត្ថិមុនីវង្ស កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា ក្នុងអំឡុងឆ្នាំ១៩៦០ដល់ឆ្នាំ១៩៧០។
ក្រុមប្រជាពលរដ្ឋនិយាយថា ក្រសួងសុខាភិបាលដែល ទទួលជំនួយផ្នែកសុខាភិបាលពីរដ្ឋាភិបាលចិនគួរបង្កើតមន្ទីរពេទ្យថ្មីដាក់ឈ្មោះថ្មី ជាជាងការប្ដូរឈ្មោះមន្ទីរពេទ្យព្រះកុសុមៈនេះ៕