31.8 C
Phnom Penh

ក្រុមហ៊ុនចិននៅកម្ពុជាបានលួងកម្ពុជាមិនឲ្យបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនវិនិយោគរបស់ចិននៅកម្ពុជាបានលួងកម្ពុជាមិនឲ្យបារម្ភពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា ក្រុមហ៊ុនវិនិយោគដ៏ធំរបស់ចិនឈ្មោះ ហូដូ គ្រុប(HODO Group)ដែលបានបោះទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អះអាងថា ប្រសិនបើមានការដកប្រព័ន្ធអនុគ្រោះពន្ធ(EBA)ពីកម្ពុជាមែន នោះវានឹងមិនរំខានដល់ការវិនិយោគនៅតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុនោះឡើយ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក ជែក ជែន(Jack Chen) ប្រធានគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចុះផ្សាយថា មានកត្តា៣ ដែលនាំឲ្យក្រុមហ៊ុនចិន និងបណ្តាប្រទេសដទៃទៀតទៅរកស៊ីនៅកម្ពុជា។

កត្តាទាំង៣នោះរួមមាន៖កម្លាំងពលកម្មមានតម្លៃទាប នយោបាយពន្ធដារល្អ និងប្រព័ន្ធអនុគ្រោះពន្ធ។

លោកបន្តថា ប្រសិនបើសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែន នោះវានឹងមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជាទាំងអស់នោះទេ។

លោកបន្តថា ក្រៅពីទីផ្សារអឺរ៉ុប កម្ពុជាក៏មានទីផ្សារចិន អាមេរិក និងជប៉ុនដែរ។

HODO Group ជាក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន រកស៊ីលើវិស័យវាយនភណ្ឌ សំណង់ ផលិតកង់ និងផលិតឱសថ។

ក្រុមហ៊ុននេះបាន បង្កើតតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាលពីឆ្នាំ២០០៧លើផ្ទៃដីជាង ១៣គីឡូម៉ែត្រក្រឡា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ចិនមិនមែនជាទីផ្សារដ៏ធំរបស់កម្ពុជានោះទេ ពីព្រោះចិនក៏ត្រូវការលក់ផលិតរបស់ខ្លួនដែលកំពុងចាល់សល់ច្រើនសន្ធឹកសន្ធាប់នោះដែរ ហើយថា កម្ពុជានៅតែត្រូវការEBA ដើម្បីការពារកុំឱយមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស