មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា កម្ពុជានឹងមិនធ្វើតាម សហភាពអន្តរសភាឡើយ អ្នកនាំពាក្យបក្សកាន់អំណាចនៅកម្ពុជាគឺលោកសុខ ឥសាន កាលពីថ្ងៃទី១ ខែវិច្ឆិកា អះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់សហភាពអន្តរសភា ឬ IPU ជាអង្គការចាត់តាំងបំរើនយោបាយ និងមនោគមន៍វិជ្ជាឱ្យបរទេសណាមួយតែប៉ុណ្ណោះ ហើយកម្ពុជាមិនធ្វើតាមការបង្គាប់បញ្ជារបស់ IPU នោះទេ។
ការអះអាងរបស់លោកសុខ ឥសានធ្វើឡើងក្រោយពីនាយកទទួលបន្ទុកផ្នែកទំនាក់ទំនងនៃសហភាពអន្តរសភា IPU លើកឡើងថា ចំណាត់ការរបស់ IPU ចំពោះការចេញសេចក្តីសម្រេចសម្រាប់ប្រទេសកម្ពុជាកន្លងមក មិនគួរត្រូវបានគេចាត់ទុកថា ជាការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។
កាលពីថ្ងៃទី១៨ខែតុលា គណៈកម្មាធិការសិទ្ធិមនុស្សIPU បានចេញសេចក្តីសម្រេចមួយចំនួន១២ចំណុចជំរុញឱ្យអាជ្ញាធរកម្ពុជាស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញក្នុងនោះទាមទារឱ្យដោះលែងលោកកឹម សុខា ប្រធានគណបក្សប្រឆាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងទាមទារឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញផងដែរ។
លោកសុខ ឥសានអះអាងថាកម្ពុជានឹងមិនធ្វើអ្វីតាមការចង់បានរបស់ IPU នោះឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ប្រសិនបើកម្ពុជាមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេ នោះកម្ពុជានឹងរងការប៉ះទង្គិចធ្ងន់ធ្ងរដល់វិបត្តិសេដ្ឋកិច្ចរបស់ប្រទេស៕