លោក ស ខេងហាមកុំឲ្យមានការរឹតត្បិតសកម្មភាពសង្គមស៊ីវិល ចំពេលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អ.ស.ប. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំមន្ត្រីថ្នាក់ក្រោម កុំឲ្យរឹតត្បិតសកម្មភាព របស់ក្រុមសង្គមស៊ីវិល ក្នុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃរបស់បេសកជនពិសេសនៃអង្គការសហប្រជាជាតិ អ្នកស្រី រ៉ូណា ស្មីតនៅកម្ពុជា។
សេចក្តីណែនាំរបស់លោកស ខេង ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទីពុធឲ្យដឹងថា ក្រុមសង្គមស៊ីវិលមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនៅកម្ពុជា ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងស្របតាមលិខិតបទដ្ឋាននានា និងលក្ខន្តិកៈរបស់សង្គមស៊ីវិល ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយគ្មានការរារាំងនិងរំលោភបំពានឡើយ។
លោកស ខេង បញ្ជាក់ថា បើមានការរារាំង ឬរឹតត្បិតពីអាជ្ញាធរមូលដ្ឋាន សង្គមស៊ីវិលត្រូវរាយការណ៍ករណីនេះទៅអភិបាលនៃគណៈអភិបាល រាជធានី ខេត្ត ឬក្រសួងមហាផ្ទៃដើម្បីជួយសម្រួលនិងដោះស្រាយ។
លោកស ខេង អះអាងថា ដើម្បីលើកកម្ពស់ការចូលរួម និងកិច្ចសហការជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នៅមូលដ្ឋានអាជ្ញាធរគ្រប់ថ្នាក់ជួយសម្រួលដល់ការរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានទៀងទាត់។ =
ក្រុមសង្គមស៊ីវិលក្នុងស្រុកសាទរចំពោះសេចក្តីណែនាំរបស់លោកស ខេងនេះ ដែលពួកគេចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែ ពួកគេនៅតែព្រួយបារម្ភពីប្រសិទ្ធភាពនៃការអនុវត្ត ដោយសារអាជ្ញាធរភាគច្រើនមានទម្លាប់អនុវត្តតាមបញ្ជារបស់ថ្នាក់លើច្រើនជាជាងអនុវត្តច្បាប់៕