27 C
Phnom Penh

អាមេរិកចង់ឃើញកម្ពុជាមានទំនាក់ទំនងជាមួយខ្លួនឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាមេរិកចង់ឃើញកម្ពុជាមានទំនាក់ទំនងជាមួយខ្លួនឡើងវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាលោកWilliam Heidtដែលទើបបញ្ចប់អាណត្តិនៅកម្ពុជាជំរុញឲ្យកម្ពុជាបង្កើនចំណងមិត្តភាពរវាងកម្ពុជា និងអាមេរិកឲ្យកាន់តែមានភាពរីកចម្រើនជាងនេះ។

ការលើកឡើងរបស់លោកWilliam Heidtធ្វើឡើងនៅក្នុងជំនួបជាមួយលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីថ្ងៃអង្គារ។

ជាការឆ្លើយតប លោកខៀវ កាញារិទ្ធ អះអាងថា កម្ពុជាតែងតែរក្សាទំនាក់ទំនងរបស់ខ្លួនល្អជាមួយអាមេរិក។

លោកបានប្រាប់លោក William Heidt ថា កម្ពុជាមិនដែលបានបិទការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី RFA នោះទេ ហើយថាសព្វថ្ងៃពលរដ្ឋនៅតែអាចស្តាប់ការផ្សាយរបស់វិទ្យុទាំងពីរនេះបានដដែល។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារក៏ដូចជាការចូលជំរាបលាពីសំណាក់លោកWilliam Heidt ដែលត្រូវចប់អាណត្តិការងាររបស់ខ្លួនពីកម្ពុជា។

រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះអះអាងថា ការដែលវិទ្យុ VOA និង RFA មិនមានផ្សាយនៅតាមវិទ្យុ FM ដូចពេលកន្លងមក ដោយសារតែស្ថានីយ៍វិទ្យុក្នុងស្រុកខ្លះ បានបំពានច្បាប់ការជួលផ្សាយបន្ត ហើយមិនបានឆ្លងបែបបទឲ្យបានត្រឹមត្រូវពីក្រសួងព័ត៌មាន។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ការធ្វើទុក្ខបុកម្នេញមកលើបណ្តាញសារព័ត៌មានរបស់ អាមេរិកទាំងពីរស្ថាប័ន រួមទាំងកាសែត The Cambodia Daily ជាដើមនោះដោយសារតែហេតុផលនយោបាយស្របពេល ដែលរបបលោកហ៊ុន សែន ភ័យខ្លាចចាញ់ការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៨កន្លងទៅ ពីព្រោះបណ្តាញសារព័ត៌មានទាំងនេះទទួលបានការគាំទ្រខ្លាំងពីពលរដ្ឋក្នុងការបង្កើនការយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងនីតិរដ្ឋជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស