35 C
Phnom Penh

បេសកជនពិសេសរបស់អ.ស.ប.ជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្សដើម្បីចៀសវាងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេសកជនពិសេសរបស់អ.ស.ប.ជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្សដើម្បីចៀសវាងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ(អ.ស.ប.)ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រីRhona Smithបានព្រមានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាថា ដើម្បីចៀសវាងការដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប លុះត្រាតែកម្ពុជាគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងសន្តិភាព។

អ្នកស្រី Rhona Smith បានប្រាប់ក្រុមកាសែតក្រោយពេលជួបលោកកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា អ្នកស្រីសង្ឃឹមថា ក្នុងរយៈពេលកន្លះឆ្នាំទៅមុខទៀត កម្ពុជានឹងធ្វើឲ្យប្រសើរឡើងវិញនូវស្ថានភាពគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិរូបនេះអះអាងថា បញ្ហាគោរពសិទ្ធិមនុស្ស និងយុត្តិធម៌សង្គមគឺជាបញ្ហាអាទិភាពមួយដែលរបបលោកហ៊ុន សែនត្រូវតែកែលំអ ហើយប្រញាប់ងាកមករកការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។

ក្រុមអ្នកឃ្លាំមើលនិយាយថា កម្ពុជានឹងប៉ះទង្គិចធ្ងន់ធ្ងរ ប្រសិនបើសហភាព អឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ខណៈរបបលោកហ៊ុន សែន នៅតែមិនទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សនោះ។

សហភាពអឺរ៉ុបកាលពីដើមខែតុលា បានជូនដំណឹងជាផ្លូវការក្នុងលិខិតមួយប្រាប់រដ្ឋាភិបាលកម្ពុជាថា ការអនុវត្តនីតិវិធីនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវប្រើរយៈពេលពី៦ខែទៅ១ឆ្នាំ ។

ស្របពេលជាមួយគ្នានេះសហភាពអឺរ៉ុប ទុកពេលឲ្យលោកហ៊ុន សែនស្តារប្រជាធិបតេយ្យឡើងវិញ ផ្ដល់និតិសម្បទាដល់មន្រ្តីបក្សប្រឆាំងទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយ និងដោះលែងលោកកឹម សុខា ប្រធានបក្សសង្គ្រោះជាតិឲ្យមានសេរីភាពឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស