វីដេអូ

ពាណិជ្ជកម្មកម្ពុជាទៅអាមេរិកមានការកើនឡើងជាងឆ្នាំ២០១៧

By ឌឹ ខេមបូឌា ដេលី

November 08, 2018

ពាណិជ្ជកម្មកម្ពុជាទៅអាមេរិកមានការកើនឡើងជាងឆ្នាំ២០១៧ ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃពុធឲ្យដឹងថា ក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអាមេរិកមានចំនួន៣ពាន់លានដុល្លារ កើនឡើង៣៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។

របាយការណ៍ដដែលបង្ហាញថា រយៈពេលខែ៩ចាប់ពីខែមករាដល់ខែកញ្ញា ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានចំនួនជាង២ពាន់លានដុល្លារគឺកើនឡើង២៧% ហើយអាមេរិកនាំចេញមកកម្ពុជាវិញ មានចំនួនជាង៣រយលានដុល្លារអាមេរិក ដែលឡើង១២%។

ផលិតផលដែលកម្ពុជានាំចេញទៅអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ខណៈកម្ពុជានាំចូលពីអាមេរិកវិញភាគច្រើនជាយានយន្ត គ្រឿងចក្រ និងគ្រឿងបរិក្ខាពេទ្យជាដើម។

រដ្ឋាភិបាលរបស់លោកប្រធាធិបតីដូណាល់ ត្រាំបានចុះហត្ថលេខាលើច្បាប់ ដើម្បីបន្ដប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជារយៈពេល៣ឆ្នាំបន្ដទៀត ចាប់ពីឆ្នាំ២០១៨-២០២០។

ប៉ុន្តែព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកកំពុងដំណើរការអនុម័តសេចក្តីព្រាងច្បាប់មួយចំនួនដើម្បីដាក់ទណ្ឌកម្មដល់របបលោកហ៊ុន សែន។

ក្រុមអ្នកវិភាគនិយាយថា ប្រសិនបើលោកហ៊ុន សែនមិនព្រមស្តារស្ថានការណ៍នយោបាយរបស់ប្រទេសឡើងវិញទេ នោះអាមេរិកអាចនឹងកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ខ្លួនដល់កម្ពុជាដោយមិនចាំបាច់កំណត់ថ្ងៃនោះឡើយ៕