វីដេអូ

រដ្ឋមន្រ្តីការបរទេសអាមេរិកសាទរខួបទី៦៥ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា៩វិច្ឆិកា

By ឌឹ ខេមបូឌា ដេលី

November 09, 2018

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកផ្ញើលិខិតសាទរខួបទី៦៥ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា៩វិច្ឆិកា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកMichael R. Pompeo កាលពីថ្ងៃពុធ បានចូលរួមអបអរសាទរខួប៦៥នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា នៅថ្ងៃទី៩ខែវិច្ឆិកា។

សារអបអរសាទររបស់លោក Mike Pompeoដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបរាប់ថា ក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាមេរិក លោកសូមចូលរួមការអបអរសាទរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួននៅថ្ងៃទី៩ ខែវិច្ឆិកា។

លោកបន្តថា ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជនអាមេរិកនិងកម្ពុជា បានផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ។

ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរអាមេរិកប្រមាណជិត២លាននាក់ បានទៅទស្សនាប្រទេស កម្ពុជា។

លោកបន្តថា សហរដ្ឋអាមេរិកក៏មានក្តីសប្បាយរីករាយសម្រាប់ការរួម របស់សហគមន៍ខ្មែរអាមេរិកាំងក្នុងការធ្វើឲ្យសង្គមរបស់អាមេរិកមានភាពចម្រុះ និងសម្បូរបែប។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិករូបនេះសង្ឃឹមថាកម្ពុជានឹងបន្តដំណើររបស់ខ្លួនតទៅមុខទៀតឆ្ពោះទៅរកសង្គមមួយដែលមាន សេរីភាព យុត្តិធម៌ និងប្រជាធិបតេយ្យពិតប្រាកដជូនពលរដ្ឋរបស់ខ្លួន៕