លោកហ៊ុន សែនបង្ហើបថាបើចង់បង្រួបបង្រួមជាតិលុះត្រាមានវប្បធម៌ទុកចិត្តគ្នា លោកហ៊ុន សែនហាក់ចង់ស្តារប្រជាធិបតេយ្យឡើងវិញតាមរយៈការ ផ្ញើសារនយោបាយទៅបក្សប្រឆាំងថា បើមិនបង្កើតវប្បធម៌ទុកចិត្តគ្នាទេ នោះការបង្រួបបង្រួមជាតិនឹងមិនអាចធ្វើទៅរួចឡើយ។
សាររបស់លោកហ៊ុន សែនធ្វើឡើងស្របពេលដែលរដ្ឋាភិបាលរបស់លោកស្ថិតក្រោមការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ប្រសិននៅតែរឹងទទឹងមិនព្រមស្តារមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យឡើងវិញ រួមមានការដោះលែងលោកកឹម សុខា និងការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញជាដើម។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់និទ្ទេស A នៅរាជធានីភ្នំពេញកាលពីម្សិលមិញ លោកហ៊ុន សែនថ្លែងថា លោកធ្លាប់សរសើរសិស្សជាប់និទ្ទេស Aម្នាក់ ជាកូនលោកជា ប៉ូចអតីតតំណាងរាស្ត្ររបស់គណបក្សប្រឆាំងរៀនបានពូកែ ទោះបីដឹងថា ឪពុករបស់ក្មេងនោះ ជាមន្ត្រីរបស់ប្រឆាំងក៏ដោយ។
ប៉ុន្តែបក្សប្រឆាំងវិញមិនដែលបង្ហាញឥរិយាបថបែបនេះមកលោកវិញឡើយ មានតែវាយប្រហារកូនប្រុសច្បងរបស់លោកគឺលោកហ៊ុន មាណែត ជាបន្តបន្ទាប់។
លោកបន្តថា ប្រសិនបើបញ្ហានេះនៅតែបន្ត នោះគេមិនអាចបង្កើតវប្បធម៌បង្រួបបង្រួមជាតិបានឡើយ៕