តុលាការខេត្តព្រះវិហារកោះហៅតំណាងពលរដ្ឋ៤នាក់ និង បុគ្គលិកសង្គមស៊ីវិលម្នាក់ពាក់ព័ន្ធជម្លោះដីធ្លី តុលាការខេត្តព្រះវិហារបានចេញដីកោះហៅតំណាងជនជាតិដើមភាគតិចកួយ ៤នាក់ និងបុគ្គលិកអង្គការពន្លកខ្មែរម្នាក់ឲ្យចូលខ្លួនបំភ្លឺ ក្នុងសំណុំរឿងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនស្ករអំពៅចិន នៅថ្ងៃទី ១៤ខែវិច្ឆិកាខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ តំណាងពលរដ្ឋជនជាតិដើមភាគតិចកួយ និង មន្ត្រីអង្គការពន្លកខ្មែរអះអាងថា ពួកគេនឹងចូលខ្លួនបំភ្លឺតាមការកោះហៅនេះ ដើម្បីបញ្ជាក់ថា ពួកគេនៅតែតស៊ូការពារដីធ្លី ព្រៃឈើ និង ធនធានធម្មជាតិដែលរងការបំពានយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនចិនឈ្មោះហេង ហ្វូ។
ពួកគេអះអាងថា ដីការបស់តុលាការខេត្តព្រះវិហារមិនបានបញ្ជាក់ពីឈ្មោះដើមបណ្តឹងក្នុងករណីជម្លោះដីធ្លីនេះឲ្យបានពិតប្រាកដឡើយ ហើយសង្ស័យថា ជាក្រុមហ៊ុនចិនឈ្មោះហេង ហ្វូ អាចជាដើមបណ្តឹង។
កាលពីចុងឆ្នាំ២០១៤ ជនជាតិដើមភាគតិចកួយរាប់រយនាក់រស់នៅឃុំប្រមេរ បានឃាត់គ្រឿងចក្រចំនួនពីររបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិនហេង ហ្វូគ្រឿងដែលកំពុងឈូសឆាយដីស្រែចម្ការរបស់សហគមន៍។
ក្រុមសិទ្ធិមនុស្សចាត់ទុកចំណាត់ការរបស់តុលាការនៅពេលនេះថា ជាការគំរាមកំហែង បំបាក់ស្មារតីមន្ត្រីការពារសិទ្ធិដីធ្លី និងសិទ្ធិរបស់ក្រុមជនជាតិដើមភាគតិច មិនឲ្យបន្តការតវ៉ាជាមួយក្រុមហ៊ុនចិន៕