ជនភៀសខ្លួនរដ្ឋខ្មែរក្រោមប្រមាណ៥០គ្រួសារបានរត់ទៅរកទីសុវត្ថិភាពបន្ទាប់ពីសមត្ថកិច្ចថៃចុះចាប់ពលករខ្មែរ ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមក្នុងទីក្រុងបាងកកប្រទេសថៃ ប្រមាណ៥០គ្រួសារបាននាំគ្នារត់ទៅរកកន្លែងសុវត្ថិភាព។
ពួកគេព្រួយបារម្ភខ្លាចក្រែងសមត្ថកិច្ចចាប់ខ្លួន ហើយបញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ។
សមត្ថកិច្ចថៃកាលពីថ្ងៃទី៦ ខែវិច្ឆិកាបានចុះចាប់ពលករខ្មែរនៅផ្សារស៊ីមួមឿង ខេត្តប៉ាក់ថុមថានីជាប់ទីក្រុងបាងកក។
វិធានការរបស់សមត្ថកិច្ចថៃនៅពេលនេះបាននាំឲ្យពួកគាត់ភ័យខ្លាចហើយបាននាំគ្នាស្វែងរកទីសុវត្ថិភាព ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញរបស់សមត្ថកិច្ចថៃ។
ពលរដ្ឋខ្មែរក្រោមដែលកំពុងលាក់ខ្លួនទាំងនោះអះអាងថា ពួកគាត់គ្មានចំណីអាហារ ដើម្បីទទួលទាននោះទេ ព្រោះពួកគាត់មិនអាចចេញទៅរកការងារធ្វើយកប្រាក់ដោះស្រាយជីវិតប្រចាំថ្ងៃដូចធម្មតាបានឡើយ។
កាលពីថ្ងៃទី៦ ខែវិច្ឆិកាសមត្ថកិច្ចថៃរាប់រយនាក់បានឡោមព័ទ្ធចាប់ពលករខ្មែរបានជាង៣រយនាក់ ក្នុងនោះពលករមួយចំនួនធំត្រូវបានបញ្ជូនត្រឡប់ទៅកម្ពុជាវិញ ហើយមួយចំនួនទៀតកំពុងជាប់ឃុំនៅប៉ូលិសអន្តោប្រវេសន៍របស់ថៃ៕