រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៦នៅសប្តាហ៍ក្រោយនេះ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជីជំនាន់ទី៦ នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៩ខែវិច្ឆិកា ឲ្យដឹងថា វិញ្ញាសារដែលត្រូវប្រឡងគឺនីតិរដ្ឋធម្មនុញ្ញ នីតិព្រហ្មទណ្ឌ នីតិរដ្ឋប្បវេណី។
ហើយបេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡង នៅពេលព្រឹកចាប់ពីម៉ោង៦ និង៣០នាទីព្រឹក ហើយពេលរសៀលត្រូវមកដល់ចាប់ពីម៉ោង១និង៣០នាទីរសៀល។
សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា រាល់បេក្ខជនប្រឡងទាំងអស់មិនអនុញ្ញាតឱ្យយកយានជំនិះគ្រប់ប្រភេទចូលក្នុងបរិវេណមណ្ឌលប្រឡងនោះឡើយ។
ជាងនេះទៅទៀត បេក្ខជនមិនត្រូវយកចូលក្នុងមណ្ឌលប្រឡង-បន្ទប់ប្រឡងនូវសៀវភៅ ឬសំណៅឯកសារគ្រប់ប្រភេទ អាវុធជាតិផ្ទុះ ទូរស័ព្ទដៃ វិទ្យុទាក់ទង Smart watch និងឧបករណ៍អេឡិចត្រូនិចជាច្រើនផ្សេងទៀតជាដាច់ខាត៕