អង្គការអន្តរជាតិខាងស្បៀងអាហារជំរុញឲ្យអ្នកស្រី រ៉ូណា ស្មីត បញ្ចូលបញ្ហាជម្លោះដីធ្លីក្នុងរបាយការណ៍ថ្មី អង្គការសម្ព័ន្ធប្រជាជនដើម្បីអធិបតេយ្យភាពស្បៀងអាហារពិភពលោកបានជំរុញឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីតដាក់បញ្ចូលបញ្ហាជម្លោះដីធ្លីរបស់ជនជាតិដើមភាគតិចក្នុងរបាយការណ៍សិទ្ធិមនុស្សថ្មីស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់អង្គការស្បៀងអាហារពិភពលោកមួយនេះ ជំរុញឲ្យអ្នកស្រីរ៉ូណា ស្មីត ដាក់បញ្ចូលបញ្ហាជម្លោះដីធ្លីនៅកម្ពុជាទៅក្នុងរបាយការណ៍របស់លោកស្រី ដែលគ្រោងលើកឡើងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅខែមករាឆ្នាំ២០១៩ខាងមុខ។
អង្គការមួយនេះក៏បានថ្កោលទោសអាជ្ញាធរកម្ពុជា ដែលតែងរារាំងពលរដ្ឋដែលមានជម្លោះដីធ្លី និងក្រុមជនជាតិដើមភាគតិតមកពីខេត្តព្រះវិហារ កំពង់ធំ ស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តកណ្ដាលជាដើម ដែលតែងនាំគ្នាមកតវ៉ាស្វែងរកដំណោះស្រាយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆកាកន្លងទៅ។
អង្គការអន្ដរជាតិមួយនេះក៏ជំរុញឲ្យលោកស្រី រ៉ូណា ស្មីតទាមទារឲ្យមានការទម្លាក់ការរចោទប្រកាន់លើមេដឹកនាំសហគមន៍៤រូបនៅខេត្តព្រះវិហារ និងបុគ្គលិក២រូបរបស់អង្គការពន្លកខ្មែរពាក់ព័ន្ធនឹងសំណុំរឿងកាលពី ៤ឆ្នាំមុនជាមួយនឹងក្រុមហ៊ុនចិនឈ្មោះ Guangdong Hengfu Group Sugar Industry៕