ក្រុមអ្នកច្បាប់អាស៊ានទាមទារឲ្យរបបក្រុងភ្នំពេញរៀបចំការបោះឆ្នោត ឡើងវិញក្រុមសមាជិកសភាអាស៊ានទាមទារឲ្យរដ្ឋាភិបាលដែលជាសមាជិក អាស៊ានទាំងអស់ដាក់សម្ពាធដល់របបលោកហ៊ុន សែនឲ្យរៀបចំការបោះឆ្នោតឡើងវិញ។
លោកCharles Santiago ដែលជាសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស(APHR) កាលពីសប្តាហ៍កន្លងទៅនេះ អះអាងថា មេដឹកនាំប្រទេសអាស៊ានទាំងអស់មិនត្រូវបណ្ដោយឲ្យរបបលោកហ៊ុន សែនរួចខ្លួនពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយងាយស្រួលនោះឡើយ។
ជាងនេះទៅទៀត លោកទាមទារឲ្យរបបលោកហ៊ុន សែនបញ្ឈប់ការបង្ក្រាបលើសំឡេងប្រឆាំង អង្គការសង្គមស៊ីវិល និងជំរុញឲ្យមានការរៀបចំការបោះឆ្នោតថ្មីមួយឡើងវិញ។
លោក Charles Santiagoនិយាយថា ភាពស្ងៀមស្ងាត់របស់បណ្តាប្រទេសដែលជាសមាជិកអាស៊ានមិនអើពើករណីវិបត្តិនយោបាយនៅកម្ពុជាដូច្នេះ នាំឲ្យមានភាពមហន្តរាយធ្ងន់ធ្ងរដល់បញ្ហាសិទ្ធិមនុស្សនៅទូទាំងប្រទេសក្នុងតំបន់អាស៊ានទាំងមូល។
ជាងនេះទៅទៀត លោកទាមទារឲ្យបញ្ឈប់វប្បធម៌មិនចាត់ការចំពោះបញ្ហារំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដែលកំពុងកើតមានយ៉ាងធ្ងន់ធ្ងរ នៅតាមបណ្តាប្រទេសទាំងឡាយណាដែលជាសមាជិកអាស៊ានតទៅទៀត៕