លោកហ៊ុន សែនអះអាងថា លោកសមរង្ស៊ីជាអ្នកសម្លាប់ជីវិតនយោបាយរបស់លោកកឹម សុខា លោកហ៊ុន សែនអះអាងថា លោកសម រង្ស៊ីជាអ្នកធ្វើឲ្យលោកគ្មានជម្រើសក្នុងការទទួលយកការភ្នាល់គ្នាមួយ ដើម្បីសម្លាប់ជីវិតនយោបាយរបស់លោកកឹម សុខា។
ថ្លែងប្រាប់ប្រព័ន្ធឃោសនា Fresh News របស់លោកកាលពីថ្ងៃទី១០ខែវិច្ឆិកា លោកហ៊ុន សែនអះអាងថា លោកសមរង្ស៊ីជាអ្នកនយោបាយអគុណធម៌។
លោកហ៊ុន សែនបានដាក់បណ្តាសារដល់លោកសមរង្ស៊ីជាមុនថា ប្រសិនចាញ់ការភ្នាល់គ្នានេះ ហើយមិនធ្វើតាមការសន្យាទេ នោះក្រុមគ្រួសារទាំង៧សន្តានរបស់លោកសមរង្ស៊ី រួមទាំងមនុស្សជំនិតរបស់លោកសមរង្ស៊ី យ៉ាងតិច១០០នាក់ទៀត ត្រូវស្លាប់តៃហោងជាទីបំផុតដោយរន្ទះបាញ់ ឬស្លាប់ដោយគ្រប់ប្រភេទនៃការស្លាប់របស់មនុស្ស រួមមានឡានបុក និងធរណីស្រូបជាដើម។
ប៉ុន្តែលោកសមរង្ស៊ីបានអះអាងនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកហ៊ុន សែនបានចាញ់ការភ្នាល់គ្នានេះទៅហើយ ពីព្រោះលោកហ៊ុន សែនជាអ្នកបំពានលើអំណាចរបស់តុលាការក្នុងការមិនដោះលែងលោកកឹម សុខា។
ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកឃ្លាំមើលនិយាយថា ការភ្នាល់គ្នាលើករណីដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំខ្លួនក្នុងផ្ទះនោះ កាន់តែធ្វើឲ្យស្ថានការណ៍នយោបាយអាប់អួរទៅៗ និងកាន់តែធ្វើឲ្យលោកកឹម សុខាបន្តជាប់ឃុំខ្លួនកាន់តែយូរ៕