ក្រុមអ្នកឃ្លាំមើលរិះគន់ថ្នាក់ដឹកនាំគណបក្សនយោបាយធំៗដែលយកឈ្មោះលោកកឹម សុខាមកភ្នាល់គ្នា អ្នកវិភាគឯករាជ្យនិងជាអតីតទីប្រឹក្សាផ្ទាល់របស់លោកកឹម សុខាគឺលោកបណ្ឌិតឡៅ ម៉ុងហៃបានជំរុញឲ្យលោកហ៊ុន សែន និងលោកសម រង្ស៊ីបញ្ឈប់ជាបន្ទាន់ក្នុងការយកលោកកឹម សុខាមកភ្នាល់គ្នាអំពីការដោះលែង ឬមិនដោះលែងធ្វើជាល្បែងភ្នាល់។
លោកបណ្ឌិតឡៅ ម៉ុងហៃបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃច័ន្ទថា លោកសោកស្តាយជាខ្លាំងចំពោះថ្នាក់ដឹកនាំជាតិខ្មែរមួយចំនួនដែលអសីលធម៌ជាខ្លាំងដែលបានយកសេរីភាពនិងជីវិតរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិមកធ្វើជាល្បែងភ្នាល់គ្នាចាញ់ឈ្នះ។
កាលពីថ្ងៃទី៦ ខែវិច្ឆិកា លោកសមរង្ស៊ីបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកកឹម សុខានឹងត្រូវដោះលែងនៅចុងឆ្នាំ២០១៨ បន្ទាប់ពីលោកទទួលបានព័ត៌មានពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថា លោកហ៊ុន សែននឹងដោះលែងលោកកឹម សុខានៅថ្ងៃ ២៩ធ្នូ ២០១៨នេះ ក្នុងឱកាសខួបទី២០នៃ«នយោបាយឈ្នះៗ» ។
លោកសមរង្ស៊ីអះអាងថា ការដោះលែងលោកកឹម សុខា នឹងត្រូវធ្វើឡើងក្រោមសម្ពាធអន្តរជាតិសុទ្ធសាធ ដើម្បីចៀសវាងទណ្ឌកម្មពាណិជ្ជកម្មពីសហភាពអឺរ៉ុប។
ជាការឆ្លើយតប ១ថ្ងៃក្រោយមក លោកហ៊ុន សែនបានប្រតិកម្មយ៉ាងខ្លាំងថា ចាំដល់សេះដុះស្នែងសិនទើបលោកដោះលែងលោកកឹម សុខា។
នៅថ្ងៃទី៩ ខែវិច្ឆិកា លោកសម រង្ស៊ីបានបបួលលោកហ៊ុន សែនភ្នាល់គ្នាលើករណីការដោះលែងលោកកឹម សុខា។
លោកសមរង្ស៊ីអះអាងថា បើមានការដោះលែងកឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះមែននោះលោកហ៊ុន សែននឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ លោកសម រង្ស៊ីនឹងចូលឲ្យចាប់ខ្លួន។
ជាការឆ្លើយតប លោកហ៊ុន សែនបានប្រាប់រោងចក្រផលិតព័ត៌មាន Fresh News ថា លោកហ៊ានភ្នាល់ជាមួយលោកសម រង្ស៊ី បើសិនមានការដោះលែងកឹម សុខាមែន លោកសុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់លោកសម រង្ស៊ី ប៉ុន្តែប្រសិនបើលោកកឹម សុខា មិនត្រូវបានដោះលែងនៅចន្លោះពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣ ខែមីនាឆ្នាំ២០១៩ទេ នោះលោកសម រង្ស៊ីត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបញ្ចប់ការភ្នាល់។
ទោះជាយ៉ាងណាក៏ដោយ លោកផែង ហេង មេធាវីរបស់លោកកឹម សុខា ចាត់ទុកការភ្នាល់រវាងលោកហ៊ុន សែននឹងលោកសម រង្ស៊ី ដោយលើកយកសេរីភាពរបស់លោកកឹម សុខាមកភ្នាល់ប្រៀបដូចជាល្បែងលេងសើចកម្សាន្តបែបនេះគឺអ្នកទាំងពីរគ្មាននរណាម្នាក់ចាញ់នោះទេ គឺឈ្នះរៀងៗខ្លួន។
លោកបន្តថា អ្នកដែលចាញ់គឺពលរដ្ឋនឹងលោកកឹម សុខាទៅវិញទេ ពីព្រោះគាត់ត្រូវបានអ្នកនយោបាយយកមកលេងសើច។
លោកផែង ហេង អះអាងថា បើចាក់លោកចាក់ខាងលោកហ៊ុន សែនហើយពីព្រោះលោកហ៊ុន សែនជាអ្នកសម្រេចទាំងអស់ក្នុងរឿងនេះ៕