មន្រ្តីរដ្ឋាភិបាលអះអាងថា ការនាំអង្ករចេញបានធ្លាក់ចុះក្នុងរយៈពេលចុងក្រោយនេះ ក្រសួងកសិកម្មកម្ពុជាប្រកាសថា ការនាំអង្ករចេញទៅក្រៅប្រទេសមានការធ្លាក់ចុះបើធៀបនឹងរយៈពេល១០ខែ ដូចគ្នាកាលពីឆ្នាំមុន ដោយសារតែតម្រូវការបញ្ជាទិញនៅក្រៅប្រទេសមានការថយចុះជាងមុន។
របាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករនៃក្រសួងកសិកម្មចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែវិច្ឆិកាឲ្យដឹងថា រយៈពេល១០ខែឆ្នាំ២០១៨នេះ កម្ពុជានាំចេញអង្ករទៅលក់នៅក្រៅប្រទេសចំនួនជាងបួនសែនតោនគឺធ្លាក់ចុះជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ ដែលមានចំនួនជិត៥សែនតោន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី វុទ្ធី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការនាំអង្ករចេញទៅលក់នៅបរទេសមានការធ្លាក់ចុះ ដោយសារចំនួនអ្នកបញ្ជាទិញមានការថយចុះជាងឆ្នាំមុន។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការនាំចេញផលិតផលគ្រប់ប្រភេទរបស់កម្ពុជាទៅលក់នៅបរទេសនឹងកាន់តែធ្លាក់ចុះថែមទៀតគឺនៅពេលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។
ពួកគេនិយាយថា ជម្រើសតែមួយគត់សម្រាប់របបលោកហ៊ុន សែនក្នុងរក្សាលំនឹងសេដ្ឋកិច្ចរបស់ប្រទេសកុំឲ្យជួបគ្រោះមហន្តរាយ ឬធ្លាក់ចុះនោះ លុះត្រារបបលោកហ៊ុន សែនស្តារលទិ្ធប្រជាធិបតេយ្យ ដោះលែងលោកកឹម សុខា និងរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ៕