28 C
Phnom Penh

អាជ្ញាធរក្រុងភ្នំពេញនឹងរំលឹកវិញ្ញាណក្ខន្ធអ្នកផ្អើលជាន់គ្នាស្លាប់លើស្ពានកោះ​ពេជ្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរក្រុងភ្នំពេញនឹងរំលឹកវិញ្ញាណក្ខន្ធអ្នកផ្អើលជាន់គ្នាស្លាប់លើស្ពានកោះ​ពេជ្រ​ សាលារាជធានីភ្នំពេញនឹងរៀបចំពិធីសូត្រមន្តឧទ្ទិសវិញ្ញាណក្ខន្ធដល់ ជនរងគ្រោះក្នុងហេតុការណ៍ផ្អើលរត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ កាលពីឆ្នាំ២០១០។

លិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញ កាលពីថ្ងៃអង្គារបញ្ជាក់ថា ពិធីនេះនឹងប្រព្រឹត្តទៅនៅម៉ោង៧ព្រឹក ថ្ងៃទី២២វិច្ឆិកា២០១៨ខាងមុខ។

សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា អាជ្ញាធរនឹងរៀបចំឲ្យមានពិធីសូត្រមន្ត នៅស្តូបរំលឹកវិញ្ញាណក្ខន្ធក្បែរស្ពាននាគ នៅកោះពេជ្រ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនជនរងគ្រោះក្នុងហេតុការណ៍រត់ជាន់គ្នាស្លាប់រាប់រយនាក់នោះ។

ហេតុការរត់ជាន់គ្នានៅលើស្ពានពេជ្រកើតឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ស្ថិតនៅថ្ងៃទីបីនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។

ព្រឹត្តិការណ៍នោះបានបណ្តាលឲ្យមនុស្សជាង៣រយនាក់ស្លាប់ ហើយជិត ៤រយនាក់ទៀតរបួសធ្ងន់។

ក្រោយពីមានព្រឹត្តិការណ៍រត់ជាន់គ្នាស្លាប់នោះមក រដ្ឋាភិបាលបានកម្ទេចស្ពាន់នោះចោល ហើយសង់ស្ពានថ្មថ្មីមួយផ្សេងទៀតជំនួស។

ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនធ្លាប់ចាត់ទុកព្រឹត្តិការណ៍នោះថា ជាសោកនាដកម្មដ៏អាក្រក់បំផុតដែលពុំធ្លាប់មាន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។

ប៉ុន្តែក្រុមសង្គមស៊ីវិល និងពលរដ្ឋជាច្រើនបាន ទាមទារឲ្យរបបក្រុងភ្នំពេញទទួលខុសត្រូវចំពោះការស្លាប់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នេះ។

ពួកគេនិយាយថា របបលោកហ៊ុន សែនគួរដកតួនាទី ឬដាក់ទណ្ឌកម្មវិន័យដល់សមត្ថកិច្ចក្រុងភ្នំពេញដែលអសមត្ថភាពក្នុងការជួយសង្គ្រោះជីវិតរបស់ពលរដ្ឋ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស