38 C
Phnom Penh

អ្នកឃ្លាំមើលឲ្យរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងចំពោះ ជនអន្តោប្រវេសន៍វៀតណាមក្នុងបឹងទន្លេសាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលអនុវត្តច្បាប់តឹងរ៉ឹងចំពោះ ជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅក្នុងបឹងទន្លេសាប ក្រុមយុវជនដែលតែងឃ្លាំមើលកិច្ចការសង្គម និងជាអតីតកូនសិស្សរបស់លោកបណ្ឌិតកែម ឡីបានរកឃើញថា ការបម្លាស់ទីរបស់ជនជាតិវៀតណាមពី បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង មករស់លើគោកវិញធ្វើឡើងនៅមិនស្របតាមច្បាប់អន្តោប្រវេសន៍នោះទេ។

ពួកគេនិយាយថា អាជ្ញាធរកម្ពុជាចាំបាច់ត្រូវបញ្ជូនពួកគេទៅស្រុកកំណើតវិញ។

ពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចបើកយុទ្ធនាការឆែកឆេររកអត្តសញ្ញាណជនជាតិវៀតណាមដែលរស់នៅលើបឹងទន្លេសាបទាំងនោះដើម្បីឲ្យប្រាកដថា តើពួកគេជាជនជាតិវៀតណាមស្របច្បាប់ ឬខុសច្បាប់។

លោកមួង សូនី សមាជិកក្រុមស្រាវជ្រាវ១០០រាត្រី ដែលជាអ្នកបន្តបេសកកម្មពីលោកបណ្ឌិតកែម ឡីបានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោករកឃើញថាជនអន្តោប្រវេសន៍វៀតណាមដែលរស់នៅលើផ្ទៃបឹងទន្លេសាបភាគច្រើនបំផុតគឺពុំមានឯកសារផ្លូវច្បាប់ត្រឹមត្រូវនោះទេ។

លោកបន្តថា ពួកគេតែងនេសាទប្រើឧបករណ៍ខុសច្បាប់ចិញ្ចឹមជីវិតជាលក្ខណៈសហគមន៍ បានបំផ្លាញដល់ធនធានត្រីនៅបឹងទន្លេសាបធ្ងន់ធ្ងរ។

របាយការណ៍របស់អាជ្ញាធរខេត្តកំពង់ឆ្នាំងបង្ហាញថា យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍វៀតណាមរស់នៅលើទឹកប្រមាណ ជាង២ពាន់គ្រួសារ ក្នុងនោះមានផ្ទះបណ្ដែតទឹកជាង១ ពាន់ខ្នង ហើយកន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេគឺនៅផ្សារក្រោម តំបន់ឆ្នុកទ្រូ នៅស្រុកកំពង់ត្រឡាច និងនៅតាមតំបន់ផ្សេងៗជាច្រើនទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស