លោកហ៊ុន សែនបានប្រាប់ក្រុមមេដឹកនាំអាស៊ានថា ចិនជាមិត្តយូរអង្វែងរបស់កម្ពុជាទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ លោកហ៊ុន សែនបានប្រាប់ក្រុមមេដឹកនាំអាស៊ានថា កម្ពុជា មានជំនឿយ៉ាងមុតមាំចំពោះប្រទេសចិនក្នុងភាពជាដៃគូយុទ្ធសាស្ត្រមួយ ដោយមិនអាចខ្វះបានរបស់អាស៊ាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
ការអះអាងរបស់លោកហ៊ុន សែនធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅប្រទេសសិង្ហបុរី។
លោកហ៊ុន សែនបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ទំនាក់ទំនងអាស៊ាន-ចិន នឹងកាន់តែស្ថិតស្ថិរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួមនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាជាតិទាំងអស់។
ក្រុមអ្នកឃ្លាំមើលនិយាយថា រដ្ឋាភិបាលកម្ពុជាកំពុងបោះពួយទៅរក របបកុម្មុយនីស្តផ្តាច់ការនិយមក្នុងការយកប្រទេសចិនជាខ្នងបង្អែក ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងកងទ័ព ហើយទាត់ចោលទំនាក់ ទំនងជាមួយបណ្តាប្រទេសលោកសេរី ដូចជាសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏ធំលក់ផលិតផលកាត់ដេររបស់កម្ពុជា។
ក្រុមអ្នកឃ្លាំមើលនិយាយថា ចិនមិនមែនជាទីផ្សារដ៏ធំរបស់កម្ពុជានោះទេ ពីព្រោះចិនក៏ត្រូវការលក់ផលិតរបស់ខ្លួនដែលកំពុង សល់ចាល់ដ៏ច្រើនសន្ធឹកសន្ធាប់នោះដែរ ហើយថា កម្ពុជានៅតែត្រូវការ EBA ដើម្បីការពារកុំឲ្យមានវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស៕