29 C
Phnom Penh

ក្រុមអង្គការការពារអ្នកកាសែតជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការការពារអ្នកកាសែតជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកយកព័ត៌មានរបស់អាស៊ីសេរី អង្គការសារព័ត៌មានគ្មានព្រំដែន(Reporters Without Borders) អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងឡាយ លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី២រូបគឺលោកយាង សុធារិន និងលោកអ៊ួន ឈិនសម្រាប់ខួបមួយឆ្នាំនៃការចាប់ខ្លួនពួកគេ។

ប្រធានការិយាល័យកិច្ចការអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនគឺលោកDaniel Bastardបានអំពាវនាវក្នុងសេចក្តីថ្លែងការណ៍របស់លោកទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់លើអ្នកកាសែតទាំងពីររូបនេះ។

លោកអ៊ួន ឈិន និងលោកយាង សុធារិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពី១៤ ខែវិច្ឆិកា កាលពីឆ្នាំមុន ពីបទថា លួចផលិតព័ត៌មានបញ្ជូនឲ្យរដ្ឋបរទេសធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

រហូតមកទល់ពេលនេះ អ្នកទាំងពីររូបនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បើទោះជាពួកគេត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីខែសីហាកន្លងទៅក៏ដោយ។

របាយការណ៍របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនឲ្យដឹងថា សន្ទស្សន៍សេរីភាពនៅកម្ពុជាបានធ្លាក់ចុះពីចំណាត់ថ្នាក់១៣២ នៅឆ្នាំ២០១៧មកត្រឹមលេខ១៤២នៅឆ្នាំ២០១៨នេះ នៅក្នុងចំណោមប្រទេសចំនួន១៨០លើពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស