សមត្ថកិច្ចកម្ពុជា និងអាមេរិកគ្រោងសហការគ្នាដើម្បីបង្ក្រាបបទល្មើសឆ្លងដែន សមត្ថកិច្ចកម្ពុជានិងការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិកFBI នឹងសហការគ្នាដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន។
ទំព័រហ្វេកប៊ុករបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃព្រហស្បតិ៍ឲ្យដឹងថា លោកនេត សាវឿនអគ្គស្នងការនគរបាលជាតិបានជួបជាមួយលោកចន ឌីវៀលសុន(John D.Wilson) អនុព័ន្ធផ្នែកច្បាប់នៃតំណាងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI របស់ អាមេរិកដើម្បីពិភាក្សាអំពីការចុះអនុស្សារណៈរវាងប្រទេសទាំងពីរដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែននិងបទឧក្រិដ្ឋនានា។
អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងអញ្ជើញលោក នេតសាវឿនទៅទស្សនកិច្ចនៅទីបញ្ជាការធំរបស់ FBI ក្នុងរដ្ឋធានីវ៉ាស៊ីនតោននិងដើម្បីចុះអនុស្សារណៈនេះដើមឆ្នាំ២០១៩ខាងមុខ។
លោកនេត សាវឿនដែលជាអគ្គស្នងការនគរបាលជាតិជាមន្រ្តីរដ្ឋាភិបាលម្នាក់ស្ថិតក្នុងចំណោមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួនទៀតដែលក្រុមតំណាងរាស្រ្តរបស់អាមេរិកជំរុញឲ្យរដ្ឋាភិបាលលោក ដូណាល់ត្រាំដាក់ទណ្ឌកម្ម បិទទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិដោយមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ក្នុងរបបលោកហ៊ុន សែនបានចូលរួម រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរតាមរយៈ ការធ្វើទារុណកម្មអ្នកទោស ៕