សាលាក្តីខ្មែរក្រហមបានផ្តន្ទាទោស នួន ជា និង ខៀវ សំផនឲ្យជាប់ ទោសអស់មួយជីវិត អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា បានប្រកាសសាលក្រមកាត់ទោសជនជាប់ចោទ នួន ជា និងខៀវ សំផនជាអតីតមេដឹកនាំខ្មែរក្រហម ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗអស់មួយជីវិត។
ជាងនេះទៅទៀតសាលាក្តីខ្មែរក្រហមក៏បានបង្ហាញផែនទីកម្ពុជាស្តីពីទីតាំងឧក្រិដ្ឋកម្មក្នុងសំណុំរឿង០០២ វគ្គ០២ផងដែរ ដែលពលរដ្ឋខ្មែរជិត២លាននាក់ត្រូវបានកាប់សម្លាប់នៅទីនោះ។
ក្នុងសាលក្រមរបស់សាលាក្តីខ្មែរក្រហមបានលើកឡើងពីការឃុំឃាំងការធ្វើទារុណកម្មការសម្លាប់ការបង្ខំឲ្យរៀបការ បង្ខំឲ្យរួមភេទ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និង សាសនាឥស្លាម។
សាលាក្តីខ្មែរក្រហមរកឃើញថាលោក នួន ជា ធ្លាប់កាន់តំណែងជាអ្នកសម្រេចចិត្តខ្ពស់បំផុតជំនួស ប៉ុល ពត ពេល ប៉ុល ពត សុំច្បាប់សម្រាក។
ចំណែកលោកខៀវ សំផន វិញធ្លាប់ដឹកនាំអ្នកការទូតក្នុងនាមជាប្រមុខរដ្ឋ និងជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ដែលបានចូលរួមក្នុងការប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
កាលពីឆ្នាំ២០១៦ តុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានសំរេចម្តងរួចមកហើយឲ្យអតីតមេដឹកនាំខ្មែរក្រហមពីររូបនេះជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង០០២ វគ្គទី១៕