អាជ្ញាធរបដិសេធសំណើរបស់សមាគមវៀតណាម ដែលស្នើសុំពន្យារពេលបំឡាស់ទីជនជាតិវៀណាមពីបឹងទន្លេសាបមកនៅលើគោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេងបានបដិសេធសំណើ របស់សមាគមវៀណាម ដែលស្នើសុំពន្យារពេលផ្លាស់ទីពលរដ្ឋវៀតណាមពីការរស់នៅលើផ្ទៃបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងឲ្យមករស់នៅលើគោកវិញ។
ការបដិសេធរបស់លោកស ខេងធ្វើឡើង ក្រោយពីសមាគមវៀតណាមបានស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីពន្យារពេលបំឡាស់ទីជនជាតិវៀណាមពីផ្ទៃបឹងទន្លេសាបឲ្យមកលើគោកវិញក្នុងហេតុផលថា ទីតាំងថ្មីនោះមានការលំបាកក្នុងការរស់នៅ និងគ្មានការអភិវឌ្ឍ។
ការអះអាងរបស់លោកស ខេង ធ្វើឡើងនៅក្នុងពិធីតែងតាំងអភិបាលខេត្តត្បូងឃ្មុំថ្មីកាលពីថ្ងៃទី១៥វិច្ឆិកា ដែលលោកលើកឡើងអំពីយុទ្ធសាស្ត្រក្នុងការសង្គ្រោះបរិស្ថានទន្លេសាប។
លោកស ខេងអះអាងថា ខេត្តកំពង់ឆ្នាំងជាខេត្តចាប់ផ្ដើមវិធានការជម្លៀសពលរដ្ឋវៀតណាមជាង២ពាន់គ្រួសារនោះមុនគេ ពីការរស់នៅលើផ្ទៃបឹងទន្លេសាបឲ្យមករស់នៅលើគោកវិញ។
លោកបន្តថា ការដោះស្រាយបញ្ហានេះ គឺចឿសមិនផុតពីការលំបាកនោះទេ ហើយថារដ្ឋាភិបាលនឹងមិនព្រមពន្យារពេលផ្លាស់ទីពលរដ្ឋវៀណាមនោះឡើយ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណោះស្រាយតាមច្បាប់គឺជាភាពចាំបាច់ដ៏ធំបំផុតមួយ ដែលអាជ្ញាធរត្រូវចាប់បញ្ជូនជនអន្តោប្រវេសន៍ណា ដែលមករស់នៅលើទឹកដីកម្ពុជាខុសច្បាប់៕