29.3 C
Phnom Penh

ក្រសួងការពារជាតិ៖កម្ពុជាមិនបានអនុញ្ញាតឱ្យប្រទេសដទៃប្រើប្រាស់ទឹកដីធ្វើជាមូលដ្ឋានយោធាទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការពារជាតិបដិសេធថា កម្ពុជាមិនបានអនុញ្ញាតឱ្យប្រទេសដទៃប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានយោធាឡើយ ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧ខែវិច្ឆិកាបានទាត់ចោល នូវការចុះផ្សាយរបស់ Asia Times ដែលថា កម្ពុជាបានអនុញ្ញាតឱ្យប្រទេសចិន ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានយោធា។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិលោកឈុំ សុជាតិបានចាត់ទុកព័ត៌មាននេះថា ជាព័ត៌មានក្លែងក្លាយ ដែលក្រុមបរទេសមួយចំនួន ព្យាយាមផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ ញុះញង់ ដើម្បីបំភាន់សាធារណជនជាតិ អន្តរជាតិ និងជាចេតនាបំផ្លាញដល់ឯករាជ្យ ភាពអព្យាក្រឹត្យអចិន្រ្តៃយ៍របស់កម្ពុជាតែប៉ុណ្ណោះ។

សារព័ត៌មាន Asia Times កាលពីដើមសប្តាហ៍កន្លងទៅនេះ បានចុះផ្សាយថា ប្រទេសចិនមានបំណងយកទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា សំចតនាវាចម្បាំង ហើយថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងចិន និងអាមេរិក។

ប៉ុន្តែលោកឈុំ សុជាតិ អះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹត្យអចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូចមានចែងក្នុងមាត្រា៥៣ថ្មីនៃរដ្ឋធម្មនុញ្ញ។

លោកបន្តថា កម្ពុជាមិនបានចូលរួមជាមួយសង្រ្គាមត្រជាក់ណាមួយ ឬអនុញ្ញាតឱ្យបរទេសណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនធ្វើជាមូលដ្ឋានយោធា ដូចការចោទប្រកាន់នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោកសឹងសែនករុណាអះអាងថា ករណីនេះសាធារណៈមតិពិបាកដកការជឿជាក់លើសារព័ត៌មាន Asia Times។

លោកបន្តថាសារព័ត៌មានមួយនេះបានដឹងពីចរន្តនយោបាយកម្ពុជាច្បាស់លាស់ អំពីទំនាក់ទំនងកម្ពុជា និងចិន កំពុងមានភាពស្អិតល្មួត ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ហើយប្រមុខដឹកនាំរដ្ឋាភិបាលក៏ធ្លាប់ថ្លែងរួចហើយថា កម្ពុជាមានចិនជាខ្នងបង្អែកដ៏រឹងមាំ។

លោកសឹងសែនករុណាអះអាងថា រដ្ឋាភិបាលកម្ពុជា គួរបញ្ជាក់ឲ្យបានច្បាស់លាស់ដើម្បីបង្ហាញថា កម្ពុជាពិតជាមិនបានពាក់ព័ន្ធអនុញ្ញាតឲ្យប្រទេសចិនបោះទីតាំងយោធាក្នុងទឹកដីកម្ពុជានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស