សមត្ថកិច្ចបានផ្អាកការងាររបស់មន្ត្រីបីរូបដែលធ្វើខុសតួនាទី មន្ត្រីនគរបាល៣នាក់ត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្នដោយសារពួកគេបានប្រព្រឹត្តកំហុសក្នុងតួនាទីករណីប្រើអំពើហិង្សាបាញ់កាំភ្លើង និងទំនាស់ពាក្យសម្ដីមិនទទួលយកប្រាក់រៀលក្នុងការផ្ដល់លិខិតឆ្លងដែនដល់ពលរដ្ឋម្នាក់។
សារព័ត៌មានភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃច័ន្ទបានចុះផ្សាយថា អគ្គស្នងការនគរបាលជាតិលោកនេត សាវឿនបានបង្គាប់ឲ្យមន្ត្រីនគរបាលនៅក្រោមឱវាទរបស់លោកចេញលិខិតព្រមានផ្អាកពីការងារបណ្ដោះអាសន្នចំពោះអធិការនគរបាលក្រុងដូនកែវលោកកែ សាវុធ ដែលលួចមានស្រីកំណាន់ ហើយមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធរហូតឈានដល់ប្រើប្រាស់អំពើហិង្សាកាលពីថ្ងៃទី១៦ខែវិច្ឆិកា ។
ចំណែកមន្ត្រីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មមា្នក់ទៀតកាលពីថ្ងៃ១៧ខែវិច្ឆិកាបានសម្រេចបញ្ជូនលោកវរសេនីយ៍ឯកឌិន វណ្ណណូរ៉ានាយការិយាល័យភ័ស្តុភារ និងគណនេយ្យនៃនាយកដ្ឋានរដ្ឋបាលសរុបអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មទៅក្រុមប្រឹក្សាវិន័យ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ក្រោយពីមន្រ្តីរូបនេះ បានប្រើកាំភ្លើងបាញ់មកលើរថយន្តរបស់ខ្លួនប្រមាណជាង១០ គ្រាប់ព្រោះខឹងម្ដាយរបស់លោកមកតាមសួរនាំពីបញ្ហាគ្រួសារដល់កន្លែងផឹកស៊ីកាលពីយប់ថ្ងៃទី ១៦ខែវិច្ឆិកានៅភោជនីយដ្ឋាន និងខារ៉ាអូខេពិភពរាត្រី ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
រីឯលោកស្រីវរសេនីយ៍ទោគ្រី ណារី មន្រ្តីខាងលិខិតឆ្លងដែនវិញត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មសម្រេចដកចេញពីស្នាក់ការលិខិតឆ្លងដែនប្រចាំផ្សារ Aeon Mall ខណ្ឌសែនសុខមកនាយកដ្ឋានលិខិតឆ្លងដែនវិញដើម្បីត្រួតពិនិត្យ និងពិចារណាដាក់វិន័យរដ្ឋបាលដោយសារមន្រ្តីរូបនេះ បដិសេធមិនទទួលយកលុយរៀលក្នុងការស្នើសុំបំពេញបែបបទផ្តល់លិខិតឆ្លងដែន៕